(កំពង់ស្ពឺ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានធ្វើដំណើរមកភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ជាលក្ខណៈឧស្សាហកម្មរបស់លោក ចាង ទូច។
យោងតាមការរាយការណ៍ របស់ម្ចាស់កសិដ្ឋាន បានឲ្យដឹងថា លោកបានចាប់ផ្តើមអាជីវកម្មនេះ តាំងពីឆ្នាំ២០១២ ដោយយកប្រាក់កម្ចីពីធនាគារជាង៥ម៉ឺនដុល្លារ ដើម្បីយកមកសាងសង់ទ្រុងចិញ្ចឹមចំនួន៣ ពេលនោះ មានតែជ្រូកចំនួនជាង១,៥០០ក្បាលតែប៉ុណ្ណោះ។
ដោយមានការជ្រោមជ្រែង និងលើកទឹកចិត្ត ពីមន្ត្រីជំនាញទាំងផ្នែកបណ្តុះបណ្តាល បច្ចេកទេសក្នុងការចិញ្ចឹម និងជំនួយឧបត្ថម្ភគាំទ្រ ពីគម្រោងសិក្សាបច្ចេកទេសឡជីវឧស្ម័នខ្នាតមធ្យម សំរាប់បរិស្ថានឆ្លាតវៃ រួមជាមួយថវិកាវិនិយោគផ្ទាល់ខ្លួន បាននាំឲ្យគាត់ឈានទៅពង្រីកកសិដ្ឋាន និងបានអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាជាមួយដៃគូ ក្រុមហ៊ុន ស៊ី ភី កម្ពុជា។
បច្ចុប្បន្ននេះ កសិដ្ឋានមាន៥ទ្រុង ក្នុង១ទ្រុងមានជ្រូកចំនួន៦,០០ក្បាល សរុប៣,០០០ក្បាល។ ក្នុង១ឆ្នាំ ទូទាត់ថ្លៃចំណាយហើយ គាត់ទទួលបានចំណូលជាង៦ម៉ឺនដុល្លារ ហើយចំណូលដ៏រឹងមាំនេះ បាននាំឲ្យគាត់សងលុយកម្ចីធនាគារអស់ហើយ ថែមតាំងផ្តល់ឱកាសជូនគាត់ពង្រីកកសិដ្ឋានថែមទៀត ដែលកំពុងរៀបចំដី និងធ្វើការសាងសង់ទ្រុងចិញ្ចឹមចំនួន ៣បន្ថែមទៀត។
នាឱកាសនេះ លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់កសិដ្ឋាន លោកបានបញ្ជាក់ថា កំណើននេះពិតជាស្របតាមដំណើរវិវឌ្ឍន៍រីកចម្រើនរបស់សេដ្ឋកិច្ចជាតិ កំណើនប្រជាជន និងជាពិសេសតម្រូវការ និងតម្រូវចិត្តនៃទីផ្សារ។
លោករដ្ឋមន្ត្រី បានធ្វើការលើកទឹកចិត្ត និងណែនាំដល់មន្ត្រីជំនាញនិងក្រុមហ៊ុន ស៊ី ភី កម្ពុជា បន្តផ្តល់ការគាំទ្រដល់គាត់ និងប្រជាកសិករដែលចិញ្ចឹមជ្រូកទូទាំងខេត្តកំពង់ស្ពឺឲ្យពង្រឹង និងពង្រីកការចិញ្ចឹម ធានាបានទាំងបរិមាណ គុណភាព និងសុខុមាលភាពនៃអ្នកបរិភោគ។
ជាមួយគ្នានេះ នាព្រឹកថ្ងៃដដែល លោករដ្ឋមន្រ្តី និងលោកអភិបាលខេត្ត ព្រមជាមួយសហការី បានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទង ដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ ដែលជាសមាជិកនៃសហគមន៍ បន្លែចម្រុះជាយក្រុង។ ពិនិត្យលើទិដ្ឋភាពជាក់ស្តែង បងប្អូនប្រជាកសិករនៅឃុំនេះ ភាគច្រើននិយមដាំបន្លែសាលាដ ផ្ទី និងត្រកួន ដែលជាប្រភពចំណូលបន្ថែមសម្រាប់លើកស្ទួយជីវភាពគ្រួសារ ក្រៅពីដំណាំស្រូវ។
បងស្រី យូ លន់ ប្រធានសហគមន៍បន្លែចម្រុះជាយក្រុង បានឲ្យដឹងថា ដោយទទួលបានការគាំទ្រ និងបច្ចេកទេសពីគម្រោង ASPIRE ប្រជាកសិករជាង ១០០គ្រួសារ បានផលិតបន្លែសុវត្ថិភាព រួចលក់ឲ្យឈ្មួញកណ្តាល ក្នុងស្រុកដោយក្នុង១ខែ មួយគ្រួសារអាចរកចំណូលបានពី ២-៣លានរៀល (អាស្រ័យតាមរដូវ និងការយកចិត្តទុកដាក់របស់គ្រួសារនីមួយៗផងដែរ)។
លោករដ្ឋមន្រ្តី និងលោកអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះភាពជោគជ័យដែលកសិករ និងសហគមន៍ទាំងមូលសម្រេចបាន ហើយបានជួយលើកទឹកចិត្តឲ្យបន្តខិតខំថែមទៀត ដោយត្រូវឈរលើគោលការណ៍បច្ចេកទេសត្រឹមត្រូវ ទាំងពូជ ការដាំដុះ មើលថែរទាំ ទឹក សត្វល្អិត ការប្រមូលផល វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូនទៅកាន់ទីផ្សារប្រកបដោយគុណភាព និងអនាម័យ ទើបធ្វើឲ្យផលិតផល បន្លែរបស់យើងមានទីផ្សារល្អ និងតម្លៃខ្ពស់។
លោកក៏បានណែនាំ ឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ហើយអគ្គនាយកដ្ឋានគួរនាំយកគម្រោងថ្មីៗ មកអនុវត្តនៅតំបន់នេះ ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព បន្លែ ការអនុវត្តកម្មវិធីកសិកម្មល្អ (GAP) ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយៈគុណភាព និងសុវត្ថិភាពនៃផលិតផល។
ក្រៅពីនេះ មន្ទីរគួរសិក្សាពីលទ្ធភាពបង្កើតកន្លែងប្រមូលផ្តុំបន្លែ ដើម្បីធានាបរិមាណផ្គត់ផ្គង់ និងគុណភាព ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ និងជាពិសេសជំរុញការបង្កើត សេវាផ្តល់ឥណទានក្នុងសហគមន៍របស់ខ្លួន ដើម្បីកាត់បន្ថយហានីភ័យកម្ចីឥណទានឯកជន ដែលមានការប្រាក់ខ្ពស់។
ចេញពីស្រុកសំរោងទង លោករដ្ឋមន្រ្តី និងលោកអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm។
លោក គីម វ៉ុន គុក ម្ចាស់កសិដ្ឋាន បានធ្វើអត្ថាធិប្បាយអំពីប្រវត្តិរបស់កសិដ្ឋាន គឺបង្កើតនៅចុងឆ្នាំ ២០១៨ បច្ចុប្បន្នមានគោសាច់ ចំនួនជាង៧០០ក្បាល ភាគច្រើនគោទាំងអស់ បានប្រមូលទិញពីប្រជាកសិករ យកមកបំប៉នយកសាច់ ដោយប្រើប្រាស់ចំណីមានគុណភាពល្អ។ លោក គីម បានបន្ថែមទៀតថា លោកកំពុងរៀបចំ សត្តឃាតដ្ឋានមួយមានស្តង់ដារអនាម័យ គុណភាព និងសុវត្ថិភាពខ្ពស់សមស្រប តាមស្តង់ដារសត្តឃាតដ្ឋានអន្តរជាតិ។
អនាគតកសិដ្ឋាន មានផែនការពង្រីកការផលិតកម្មចិញ្ចឹមឲ្យដល់ទៅ៥,០០០ក្បាល ដោយធ្វើការនាំចូលពូជគោល្អៗ ការបង្កាត់សប្បនិម្មិត និងរួមសហការ ជាមួយអ្នកចិញ្ចឹមគោ ក្នុងតំបន់នេះ តាមរយៈការអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា។
ក្នុងទឹកចិត្តសប្បាយរីករាយ ដោយបានឃើញកសិដ្ឋានចិញ្ចឹមគោមានស្តង់ដារល្អកម្រិតអន្តរជាតិដោយបាននាំយកបច្ចេកវិទ្យាពីកូរ៉េមកអនុវត្តបានយ៉ាងល្អ លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈវិនិយោគកសិដ្ឋានរបស់លោកគីម ហើយក៏អាចនិយាយបានថា ជាកសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ល្អជាងគេ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដោយសំអាងលើការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ គុណភាពចំណី អនាម័យ បរិស្ថានជុំវិញ ចំនួនសត្វ និងសុខភាពនៃសត្វ។
លោករដ្ឋមន្រ្តី បានធ្វើការគាំទ្រ និងលើកទឹកចិត្តដល់ផែនការពង្រីក ផលិតកម្មចិញ្ចឹមនាពេលអនាគត ព្រោះវានឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យផលិតកម្មគោសាច់នៅកម្ពុជា ឲ្យបាន់តែល្អប្រសើរឡើងជាលំដាប់ ស្របពេលដែលនិន្នាការ នៃការចិញ្ចឹមគោបំប៉នរបស់ប្រជាកសិករ នៅទូទាំងប្រទេសបាននិងកំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់។
ម៉្យាងវិញទៀត វានឹងចូលរួមចំណែកយ៉ាងវិជ្ជមាន ក្នុងការផ្គត់ផ្គង់សាច់គោ មានស្តង់ដារអនាម័យ គុណភាព និងសុវត្ដិភាព ដែលផលិតចេញពីកសិដ្ឋានចិញ្ចឹម និងសត្តឃាតដ្ឋានមួយមានលក្ខណបច្ចេកទេស ត្រួតពិនិត្យលើគ្រប់ខ្សែច្រវាក់ផលិតកម្មយ៉ាងហ្មត់ចត់។
ទន្ទឹមនឹងនេះ លោកក៏បានណែនាំឲ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វ បន្តផ្តល់កិច្ចសហការជាមួយកសិដ្ឋានឲ្យបានពេញលេញ ប្រយោជន៍ដើម្បីនិរន្តរភាពនៃដំណើរការវិនិយោគរបស់កសិដ្ឋាន។ ដោយឡែក អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វគួររៀបចំកម្មសិក្សាដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសចិញ្ចឹមរវាងកសិដ្ឋាននេះ ជាមួយកសិដ្ឋានផ្សេងៗ ឬអ្នកចិញ្ចឹមដែលការអនុវត្តបច្ចេកទេសចិញ្ចឹម ការគ្រប់គ្រង និងការផលិតចំណីរបស់ពួកគាត់នៅមានកម្រិត៕