(កណ្តាល)៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ លោក ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកណ្តាលស្ទឹង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនោះមាម៉ូតូ ១គ្រឿង ថវិកា៥០០ដុល្លា និងប្រាក់រៀល ១លានរៀល ប្រគល់ជូនដល់សិស្សនិទ្ទេស A នៅស្រុកកណ្តាលស្ទឹង និងឧបត្ថម្ភថវិកាមួយចំនួនដល់បេក្ខជនប្រឡងជាប់៤៨៥នាក់ ផងដែរ។
នៅក្នុងឱកាសនោះដែរ លោក ហ៊ីង ប៊ុនហៀង បានថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យបានផ្ដល់ឱកាសល្អ ឱ្យកូនចៅប្រជាពលរដ្ឋក្មួយៗ មានភ័ព្វសំណាងបានចូលរៀនគ្រប់ៗ គ្នានឹងអាចបន្តការសិក្សា នៅក្រៅប្រទេសថែមទៀតផង។ កត្តាដោយសារប្រទេសជាតិមាន សុខសន្តិភាព ទើបយើងមានលទ្ធភាពកសាងអភិវឌ្ឍន៍ជាតិ និងការកសាងសមត្ថភាព ធនធានមនុស្សបានល្អ នេះក៏ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
លោក ហ៊ីង ប៊ុនហៀង បានលើកឡើងថា វិស័យអប់រំ គឺជាវិស័យមួយមានភាពខ្ពស់ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពិសេស ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ បានកំណត់គោលដៅជាយុទ្ធសាស្ត្របវ អនុវត្តផែនការយុទ្ធសាស្ត្រ ដោយផ្តោតលើការផ្តល់ឱកាសស្មើៗគ្នា ដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ក្នុងការទទួលការអប់មូលដ្ឋានទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងបន្តយកចិត្តទុកដាក់លើការកែណរគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍប្រទេសជាតិ។
លោក ហ៊ីង ប៊ុនហៀង បានថ្លែងការកោតសរសើរចំពោះសិស្សនុសិស្ស ដែលបានប្រឡងជាប់នាពេលនេះ ហើយក៏បានសម្តែងនូវអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ យុវជន និងក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង ដែលយកចិត្តទុកដាក់បង្រៀន និងអប់រំដល់សិស្សានុសិស្ស ដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ។ លោកក៏បានផ្ដាំផ្ញើរដល់ក្មួយៗជំនាន់ក្រោយ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ឱ្យក្លាយជាសិស្សពូកែកូនល្អមិត្តល្អ និងជាពលរដ្ឋល្អចូលរួមអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលសូមក្មួយៗ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ដែលសង្គមស្អប់ខ្ពើម ដើម្បីក្លាយជាយុវជនគំរូកម្ពុជា និងជាធនធានមនុស្សមួយប្រកបដោយគុណភាពខ្ពស់។
ក្នុងរបាយការណ៍ស្វាគមន៍របស់លោក អ៊ូច សៅវឿន អំពីបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩នេះ បេក្ខជនដែលបានចូលរួមប្រឡងមានចំនួន ៥៧១នាក់ /ស្រី៣៦២នាក់។
ជាលទ្ធផលសិស្សចំណេះទូទៅ ប្រឡងជាប់ ៤៤៤នាក់/ ស្រី២៨៩ នាក់, ប្រឡងធ្លាក់ ៤៣នាក់/ ស្រី ២៦នាក់ សិស្សបំពេញវិជ្ជាប្រឡងជាប់ ២៣នាក់/ ស្រី១៤នាក់ ប្រឡងធ្លាក់ ១៥នាក់/ ស្រី ០៤នាក់ និងសិស្សស្វ័យរិនប្រឡងជាប់ ១៨នាក់/ ស្រី១១នាក់ ប្រឡងធ្លាក់ ២៨នាក់/ ស្រី១៧នាក់ ក្នុងនោះ សិស្សជាប់និទ្ទេសA ១នាក់, និទ្ទេសB ១៣នាក់, និទ្ទេសC ៤៩នាក់, និទ្ទេសD ១១៩នាក់, និទ្ទេសE មាន ៣០៣នាក់ និងប្រឡងធ្លាក់ ៨៦នាក់។
និយាយដោយឡែក វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍អណ្តែតដើមឬស ក្នុងនៅឆ្នាំសិក្សា២០១៨-២០១៩នេះ មានបេក្ខជនចំនួន ៩២នាក់ ហើយបានប្រឡងជាប់ទាំង ៩២នាក់ និងទទួលបាននិទ្ទេស A ចំនួន០១នាក់ផងដែរ គឺកញ្ញា ឡៅ ស្រីលីន រឿន នៅថ្នាក់ទី១២ A។
ដោយឡែកបេក្ខជនប្រឡងធ្លាក់មាន៨២នាក់ ទទួលបានថវិកាមួយចំនួន លោកគ្រូ-អ្នកគ្រូវិទ្យាល័យ១៧២នាក់ ក្នុងម្នាក់ៗ ថវិកា២០ម៉ឺនរៀល។ បានឧបត្ថម្ភ វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពាធិអណ្តែតដើមឬសថវិកា២លានរៀល ព្រមទាំងបានចែកជូន ដល់ក្រុមប្រឹក្សាស្រុក-ក្រុមប្រឹក្សាឃុំ និងកងកម្លាំងសមត្ថកិច្ចផងដែរ៕