(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល ដោយទទួលបានកិច្ចសហការពីអង្គការ Union Aid Abroad APHEDA នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្រ ជូនសិក្ខាកាមចំនួន៦រូប ដែលទទួលបានការបណ្តុះបណ្តាល ពីអ្នកជំនាញការអូស្រ្តាលី ក្នុងការប្រើប្រាស់ឧបករណ៍វិភាគ និងការប្រើប្រាស់ មីក្រូទស្សន៍ សម្រាប់ធ្វើការតេស្តរកសារធាតុអាសបេសស្តូស នៅក្នុងវត្ថុប្រើប្រាស់ផ្សេងៗ។
ក្នុងពិធីនោះ អ្នកជំនាញការអូស្រ្តាលី ក៏បានបណ្តុះបណ្តាល អំពីការស្វែងយល់ស្តង់ដារអន្តរជាតិ និងការអនុវត្តល្អទាក់ទង និងការជ្រើសរើសគំរូ និងសំណាក ដែលមានផ្ទុកសារធាតុអាសបេសស្តូសផងដែរ។
កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមកិច្ចសម្របសម្រួលពី លោក ផាន អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា តំណាងអង្គការ APHEDA ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: រួមជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ប្រមាណ២០០នាក់ ។
បន្ទាប់ពីកម្មវិធីសំណេះសំណាល និងចែកវិញ្ញាបនបត្ររួច តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អង្គការ APHEDA ក្រសួងពាកព័ន្ធ បានអញ្ជើញពិនិត្យមើល ឧបករណ៍សម្រាប់វិភាគ រកសារធាតុអាសបេសស្តូស និងពិនិត្យមើល ការអនុវត្តផ្ទាល់ របស់មន្ត្រីដែលទទួលបានការបំពាក់បំប៉នជំនាញថ្មីនេះ នៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល។
គួរបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋានកាំកុងត្រូល និងអង្គការ APHEDA ក្រោមគម្រោងការការពារ និងកាត់បន្ថយសារធាតុអាសបេសស្តូស អង្គការ APHEDA អូស្រ្តាលី បានផ្តល់ជំនួយប្រមាណ ៤៥,០០០ដុល្លារអូស្ត្រាលី មកអគ្គនាយកដ្ឋានកាំកុងត្រូល ដែលជំនួយនេះរួមមាន៖ ឧបករណ៍ពិសោធន៍ មីក្រូទស្សន៍ ការប្រឹក្សា បច្ចេកទេស ក្នុងរយៈពេល៦ខែ បន្តទៅមុខទៀត៕