(ស្ទឹងត្រែង)៖ ជនសង្ស័យ២នាក់ និងគ្រឿងញៀន៣គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបបាន នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះថា នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញ ១ក្រុម នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយវរសេនីយ៍ទោ ដុសវណ្ណា វឌ្ឍន: នាយការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) បានចុះសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ពីឡាវមកកម្ពុជានៅទិសឦសាន។
មន្ត្រីដដែលបញ្ជាក់ថា សមត្ថកិច្ចជំនាញបានសហការរួមគ្នា (មន្ទីរ-ខេត្តរតនគីរី) បើកការស្រាវជ្រាវ ក្រុមបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា ដែលមានមុខសញ្ញាជនជាតិឡាវ-ខ្មែរ អស់រយៈពេលជិត ២ខែមកហើយ។ លុះនៅវេលាម៉ោង១១៖០០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការ បង្ក្រាបជាក់ស្តែង នៅពេលមុខសញ្ញាកំពុងជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្បាលស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្រឹងត្រែង។
ជាលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញបានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ មានឈ្មោះ ថង់ ភីន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ-ឡាវ មុខរបរកសិករ, និងឈ្មោះ ឡៃ ស៊ូលីប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ដោយដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ២៨៩៦.៤៦ក្រាម, ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង៕