(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញមកប្រកាសថ្កោលទោស ទណ្ឌិត សម រង្ស៉ី យ៉ាងដាច់អហង្ការចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ដ្រខ្មែរទូទាំងប្រទេស។
លោក ហេង រតនា ក្រៅពីការប្រកាសថ្កោលទោសខ្លាំងៗទៅលើទណ្ឌិតរត់ចោលស្រុករូបនេះហើយ ក៏បានប្រកាសប្រឆាំងដាច់ខាត ចំពោះទង្វើបំផ្លាញសេចក្តីថ្លៃថ្នូរ និងប្រកបដោយទុច្ចរិតនេះ ដូច្នេះសូមឲ្យរាជរដ្ឋាភិបាលមេត្តាចាត់វិធានការច្បាប់ ចំពោះជនទុច្ចរិតនេះឲ្យខានតែបាន។
អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទ និងក្រុមគ្រួសារ ក៏ដូចប្រជាពលរដ្ឋខែ្មរទាំងអស់ នៃទឹកដីព្រះរាជាណាចក្រនេះ មានក្តីគោរពស្រលាញ់ ព្រះមហាក្សត្រយ៉ាងជ្រាលជ្រៅជាងជីវិត ដែលវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់នេះ មានតាំងពីដូនតាខែ្មររាប់ពាន់ឆ្នាំ មុនមកម្លេះ។
យើងខ្ញុំទាំងអស់គ្នា មានការសោកស្តាយបំផុតចំពោះ លោក សម រង្ស៉ី ដែលបានយកអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុត មកប្រមាថជាន់ឈ្លី ដែលទង្វើនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋធម្មនុញ្ញ ក៏ដូចជាការប្រមាថជាតិខ្មែរទាំងមូលផងដែរ។ យើងខ្ញុំសូមថ្កោលទោសចំពោះលោក សម រង្ស៉ី យ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះទង្វើបំផ្លាញសេចក្តីថ្លៃថ្នូរ និងប្រកបដោយទុច្ចរិតនេះ។ សូមឲ្យរាជរដ្ឋាភិបាលមេត្តាចាត់វិធានការច្បាប់ ចំពោះជនទុច្ចរិតនេះ ឲ្យខានតែបាន»។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕