(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ចេញទស្សនរបស់ខ្លួន លើ Facebook ដោយបានចាត់ទុកអំពើប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្ររបស់ទណ្ឌិត និងជនក្បត់ជាតិ សម រង្ស៊ី មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃ ឲ្យបរទេសមាក់ងាយមកលើកិត្តិយសជាតិថែមទៀតផង។
លោក ហ៊ុន ម៉ានី បានចាត់ទុកវិធីសាស្ត្ររបស់លោក សម រង្ស៊ី ដើម្បីកុំឲ្យមហាជនជនបំភ្លេចខ្លួន តាមរយៈការប្រមាថព្រះមហាក្សត្រ គឺជាវិធីសាស្ត្របែបកខ្វក់ និងគ្មានការទទួលខុសត្រូវ ហើយលោកបានស្នើឲ្យទណ្ឌិត សម រង្ស៊ី បញ្ឈប់ជាបន្ទាន់នូវអំពីអសីលធម៌បែបនេះ។
លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា «ការយកប្រយោជន៍ និងនិមិត្តរូបជាតិមកជាន់ឈ្លី ដើម្បីមប្រើនូវមហិច្ចតាផ្ទាល់ខ្លួន បែបបំផ្លិចបំផ្លាញជាតិជាទង្វើដែលមិនអាចអត់ឱន ឲ្យបានជាដាច់ខាត។ ការប្រមាថលើព្រះចេស្តាអង្គព្រះមហាក្សត្រ តាមរយ:ការប្រើប្រាស់ពាក្យពេចន៍ បែបអសីលធម៌របស់លោក សម រង្សី មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយ មកលើកិត្តិយសជាតិរបស់យើង។
លោកបញ្ជាក់ទៀតថា «ពិតណាស់វិធីសាស្រ្តនៃការធ្វើអោយមហាជនកុំអោយបំភ្លេចខ្លួន នៅមានច្រើនទៀត ដូច្នេះសូមលោកបញ្ឈប់នូវវិធីសាស្រ្តបែបកខ្វក់ និងគ្មានការទទួលខុសត្រូវនេះជាបន្ទាន់។ ទង្វើរបៀបលោកនេះហើយ ដែលធ្វើអោយប្រទេសកម្ពុជាយើងបាត់បង់មុខមាត់ និងផលប្រយោជន៌ ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវម្តងណាឡើយ»។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕