(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពី គម្រោងផែនការនៃការផ្លាស់ប្ដូរទីតាំងរោងចក្រ, សហគ្រាស, ឃ្លាំងស្ដុកទំនិញ និងយានដ្ឋានជួសជុលរថយន្ដធំៗ ពីតំបន់ទីប្រជុំជនតាមតំបន់ជាយក្រុង តាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុង៣ សប្បាយរីករាយជាខ្លាំង។
ការបង្ហាញក្ដីរីករាយរបស់ពលរដ្ឋចំពោះការផ្លាស់ប្ដូរទីតាំងរោងចក្រ, សហគ្រាស, ឃ្លាំងស្ដុកទំនិញមកតំបន់ក្រវាត់ក្រុង៣នេះ ដោយនឹងជួយបង្កើតភាពអ៊ូអរ និងងាយស្រួលក្នុងការបង្កើតមុខរបរ និងជួយឲ្យតំបន់ជាយក្រុង កាន់តែមានការអភិវឌ្ឍន៍។
លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW កម្ពុជា និងជាអ្នកជំនាញដីធ្លីដ៏ល្បីមួយរូបបានឲ្យដឹងថា ការបំលាស់ទីទៅជាយក្រុង ពិតជាសមហេតុផលព្រោះ នៅក្នុងទីក្រុងភ្នំពេញ មានកំណើនប្រជាជនច្រើន មួយវិញទៀតនៅតាមតំបន់ជាយក្រុងដីមានតម្លៃធូរថ្លៃ ដែលបើករោងចក្រនឹងដំណើរការដោយរលូន។
លោកបណ្ឌិតបន្ដថា លើសពីនេះក៏បានជួយកាត់បន្ថយចរាចរណ៍នៅក្នុងទីក្រុង ហើយការរុញរោងចក្រទៅជាយក្រុង បានផ្ដល់ផលចំណេញ និងឱកាសដល់បងប្អូនប្រជាពរដ្ឋ ដែលមានជីវភាពកម្រិតមធ្យម និងក្រោមមធ្យមអាចទិញដីឡូតិ៍ ក្នុងតំបន់នោះបានព្រមទាំងអាចទិញផ្ទះសម្រាប់រស់នៅ និងបើកអាជីវកម្ម ព្រោះអ្នកមានជីវភាពកម្រិតមធ្យម មិនអាចមានលទ្ធភាពទិញផ្ទះ នៅចំកណ្ដាលទីក្រុងបានឡើយ។
លោកបញ្ជាក់ថា នេះជាការរួមចំណែក ក្នុងការជួយសម្រួលដល់អាជីវភាព របស់ប្រជាពលរដ្ឋបានមួយកម្រិតផងដែរ។
លោក ប៊ន ឡូញ មេភូមិឃ្លាំង ស្រុកឧតុង្គបានបញ្ជាក់ថា ពលរដ្ឋសប្បាយចិត្តបន្ទាប់ពីឮដំណឹងថា គម្រោងផ្លាស់ប្ដូររោងចក្រមកជាយក្រុង ដែលនឹងបង្កើតឱកាសការងារ ដល់ពួកគេ ស្របពេលឃុំត្រាចទង បានក្លាយជាគោលដៅដ៏សំខាន់ ដើម្បីសាងសង់រោងចក្រ និងសហគ្រាសផ្សេងៗ។ ការអះអាងបែបនេះ ដោយសារតែសង្កេតឃើញមានក្រុមហ៊ុនជាច្រើន បានចុះទៅសិក្សាក្នុងមូលដ្ឋាន រួមផ្សំនឹងសកម្មភាពពុះដីឡូដិ៍យ៉ាងច្រើនផងដែរ។
លោកបញ្ជាក់ថា «ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅទីនេះ ខ្ញុំរីករាយចំពោះព័ត៌មានផ្លាស់ប្ដូរទីតាំងរោងចក្រ មកតំបន់ជាយក្រុង ព្រោះដីនៅតំបន់ជាយក្រុងនេះធំៗ និងអំណោយផល ជាក់ស្ដែងនៅឃុំត្រាចទង ដែលជិតរ៉ាត្រាចទង និងផ្លូវជាតិ តំបន់ផ្លូវក្រវាត់ក្រុងទី៣ស្រាប់»។
អ្នកស្រី វ៉ែន ហឿន ប្រជាពលរដ្ឋរស់នៅក្នុងភូមិរ៉ា ឃុំត្រាចទងបានឲ្យដឹងដែរថា អ្នកស្រីត្រេកអរ និងត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ការធ្វើរោងចក្រ ក្នុងមូលដ្ឋានរបស់ខ្លួន។
អ្នកស្រីថា «សព្វថ្ងៃយើងឃើញមានតែការពុះដីឡូដិ៍ នៅក្បែររ៉ាត្រាចទង ហើយមានអ្នកចេញចូលរកទិញច្រើន តែបើរោងចក្រមកធ្វើនៅទីនេះទៀត ខ្ញុំកាន់តែសប្បាយចិត្ត ព្រោះខ្ញុំចង់ឃើញមានការអភិវឌ្ឍ មានការងារធ្វើ ពិសេសមានការសង់ផ្ទះ និងវីឡាធំៗ នៅភូមិរបស់ខ្ញុំ»។
សូមបញ្ជាក់ថា ភូមិរ៉ា ឃុំត្រាចទង ស្រុកឧដុង្គ ត្រូវបានអ្នកជំនាញចាត់ទុកជាទីតាំងភូមិសាស្ដ្រដ៏ល្អ សម្រាប់ការសាងសង់រោងចក្រ និងសហគ្រាសផ្សេងៗ ព្រោះងាយស្រួលដឹកជញ្ជូន ដោយក្បែរផ្លូវ៥១ តំបន់ក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៣ លេខ៤ ទៅផ្លូវជាតិលេខ៥ និងលេខ៦ ពិសេសមានផ្លូវដែក (រ៉ាត្រាចទង) ដែលអាចតភ្ជាប់ពីភ្នំពេញ ទៅប្រទេសអាស៊ាន ដូចជាថៃ និងវៀតណាមជាដើម។ ដូច្នេះប្រជាពលរដ្ឋជឿជាក់ថា ទីតាំងខាងលើ នឹងក្លាយជាគោលដៅដ៏សំខាន់ ដើម្បីស្វាគមន៍រោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញផ្សេងៗ ដែលរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល កំពុងរៀបចំផ្លាស់ប្ដូរទីតាំងមកជាយក្រុង៕