(ភ្នំពេញ)៖ ព្រោះតែទង្វើរបស់បុគ្គល សម រង្ស៉ី ក្នុងគោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានបង្ហាញពីអំពី ចេតនាញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម, នៅទីបំផុតនាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមមេធាវីរាជរដ្ឋាភិបាល ដែលមានលោក គី តិច ជាប្រធាន បានចុះហត្ថលេខាដាក់ពាក្យប្តឹងឈ្មោះ សម រង្ស៉ី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយស្នើសុំឲ្យពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតលើបុគ្គល សម រង្ស៉ី។
ពាក្យបណ្តឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃសុក្រនេះ បានបញ្ជាក់ថា «ប្តឹងឈ្មោះ សម រង្ស៉ី ភេទប្រុស ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ សញ្ជាតិខ្មែរ មានអសយដ្ឋាន ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី៣១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព្រោះ ទង្វើរបស់បុគ្គល សម រង្ស៉ី ក្នុងគោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានបង្ហាញពីអំពីចេតនាទុច្ចរិត ញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម ដែលជាការបំពានលើ មាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រុមមេធាវីរាជរដ្ឋាភិបាលបានសំណូមពរចំពោះលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតលើបុគ្គល សម រង្ស៉ី។
លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ពាក្យបណ្តឹងប្តឹងលោក សម រង្ស៉ី បានដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយសំណូមពរឲ្យពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតលើបុគ្គល សម រង្ស៉ី។
ការដាក់ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើដល់ស្ថាប័នមានសមត្ថកិច្ច អយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង និងធ្ងន់ធ្ងរបំផុតលើក ទណ្ឌិត សម រង្ស៊ី ដែលហ៊ានប្រមាថដ៏ធ្ងន់ធ្ងរបំផុត លើអង្គព្រះមហាក្សត្រ ខណៈក្រសួងព្រះបរមរាជវាំងក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្កាផងដែរ។
ក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្រោយពីបានស្តាប់សម្តីអគតិ របស់ទណ្ឌិត សម រង្ស៊ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមមេធាវីរាជរដ្ឋាភិបាល ចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត លើអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមនុ និងជាការបំពានលើមាត្រា៧ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃកម្ពុជា។
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួន បុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ៕