(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកមោងឬស្សី ខេត្តបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាតុលាការនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ រួចបញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។

សម្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទរូបនេះ បានធ្វើឡើងដោយអនុវត្តដីកាបង្គាបឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងលោក រ៉ែម សុភក្តិ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ និងអនុវត្តតាមមតិដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី ស គឹមឡុង ជាអធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងនគរបាលអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទខាងលើ ដែលទាក់ទិនក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ក្នុងមូលដ្ឋានស្រុកនាពេលកន្លងទៅ។

ជនជាប់ចោទមានឈ្មោះ វ៉ិត វុត្ថា ហៅជ្រូក អាយុ២១ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលបានប្រព្រឹត្តិហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូ
ចខាតដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៩កន្លងទៅ។

បច្ចុប្បន្នជាប់ចោទត្រូវបានសមត្ថកិច្ចស្រុកមោងឬស្សី បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីរួចហើយ៕