(ព្រៃវែង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្រុមការងារចំណាកស្រុក បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីអនុវត្តសេចក្ដីណែនាំ ស្ដីពីការរៀបចំចាត់តាំងការជួបប្រាស្រ័យ ការសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ខេត្តព្រៃវែង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ (បិណ្ឌ១) ដល់ថ្ងៃ១កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។
ជាង០២ឆ្នាំកន្លងមកនេះ ដោយមានការគាំទ្រពេញទំហឹង ពីក្រុមការងារគណបក្ស និងក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តព្រៃវែង រួមជាមួយ កិច្ចសហការយ៉ាងជិតស្និទ ពីក្រុមការងារនិងគណបក្សមូលដ្ឋានតាមស្រុក ក្រុងទាំង១៣ ជាពិសេសដោយមានការដឹកនំាំជាប្រចាំរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង ក្រុមការងារចំណាកស្រុក ខេត្តព្រៃវែង បានពុះពារកសាងបណ្ដាញ ទំនាក់ទំនងផ្សារភ្ជាប់ជិតស្និទ ជាប្រចាំជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក តាមរយៈការជួបប្រាស្រ័យសាកសួរសុខទុក្ខតាមខ្នងផ្ទះ និងការជួបជុំសំណេះសំណាល ក្នុងឱកាសពិធីបុណ្យផ្សេងៗ បង្កើតបាននូវបរិយាកាស ស្រលាញ់រាប់អាន ចេះឈឺឆ្អាលជួយយកអាសារគ្នា រួមសុខរួមទុក្ខរវាងមូលដ្ឋាននិងក្រុមការងារជាមួយ បងប្អូនកម្មករ ពលករចំណាកស្រុក។
ចលនាសកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងសកម្ម គាំទ្រដល់យុទ្ធនាការរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការចុះជួបសំណេះសំណាល ដោយផ្ទាល់ជាមួយបងប្អូនកម្មករ ពលកររាប់សែននាក់ ដែលកំពុងបម្រើការងារ នៅតាមរោងចក្រ សហគ្រាស និងកន្លែងអាជីវកម្មផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
ជោគជ័យដ៏ត្រចះត្រចង់ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅទូទាំងប្រទេសនិយាយជារួម និងនៅខេត្តព្រៃវែង និយាយដោយឡែក គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រត្យក្សនូវការជះឥទ្ធិពលជាវិជ្ជមាន ទៅលើសតិអារម្មណ៍ ទឹកចិត្តនិងជំនឿជឿជាក់ និងការគាំទ្រយ៉ាងមុតមាំ របស់បងប្អូនកម្មករ ពលករជាទូទៅ មកលើគណបក្សប្រជាជនកម្ពុជាយើង។
សម្រាប់ពិធីបុណ្យកាន់បិណ្ឌរយៈពេលពីរសប្ដាហ៍ ក្រុមការងារគ្រោងនឹងរៀបចំឱ្យមានការជួបប្រាស្រ័យជាមួយ បងប្អូនកម្មករ ពលករចំណាកស្រុក តាមរយៈការចូលរួមពិធីបុណ្យកាន់បិណ្ឌ តាមវេននីមួយៗ នៅតាមវត្តអារាមក្នុងមូលដ្ឋានភូមិ ឃុំនិងការចុះជួបសាកសួរ សុខទុក្ខបងប្អូនចំណាកស្រុក និងក្រុមញាតិគ្រួសារតាមខ្នងផ្ទះ។
រហូតទៅដល់ថ្ងៃបុណ្យធំ គឺភ្ជុំបិណ្ឌដែលបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងប្រទេសស្ទើរតែទាំងអស់ តែងវិលត្រឡប់ ទៅស្រុកកំណើតវិញ ដើម្បីប្រារព្ធពិធីបុណ្យ ប្រពៃណីព្រះពុទ្ធសាសនា ដ៏មហោឡារិកមានតែម្ដងក្នុងមួយឆ្នាំនេះ ក្រុមការងារគ្រោងនឹងរៀបចំកម្មវិធី ជួបជុំប្រមូលផ្ដុំសំណេះសំណាល នៅតាមភូមិ តាមវត្តអារាម ឬទីកន្លែងសមស្របដ៏ទៃទៀត ដើម្បីផ្សព្វផ្សាយបច្ចុប្បន្នភាពនៃសភាពការណ៍ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្ដិភាព និងការរីកចម្រើនជាលំដាប់ រហូតមករួមទាំងការបន្ដយកចិត្តទុកដាក់ សព្វបែបយ៉ាង របស់រដ្ឋចំពោះបងប្អូនកម្មករ ពលករ អំពីសន្ដិសុខការងារ បៀវត្ស និងរបបឧបត្ថម្ភសង្គមផ្សេងទៀត។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារនឹងប្រមូលផ្ដុំលើការវាយបកប្រឆាំង ចំពោះឧបាយកលបដិវដ្តន៍ពណ៌ របស់កំលាំងអមិត្ត ដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ស្របច្បាប់ចេញពីការបោះឆ្នោត របស់ប្រជាជន ដោយខិតខំបកស្រាយពន្យល់ សាធារណៈមតិឱ្យមើលឃើញច្បាស់ពីល្បិចកល នៃសង្គ្រាមចិត្តសាស្ដ្រ របស់មជ្ឈដ្ឋានអមិត្តពាក់ព័ន្ធ នឹងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បញ្ហា EBA ក៏ដូចជាការឃោសនាអកុសលនានា ជុំវិញការវិលត្រឡប់មកកាន់ កម្ពុជាវិញរបស់ទណ្ឌិត សម រង្សី។
ជារួមការងារនយោបាយ សតិអារម្មណ៍របស់យើង គឺសំដៅលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងពង្រឹងស្មារតីនឹងនរ និងជំនឿជឿជាក់រឹងមាំរបស់មហាជន ប្រជាជន និងបងប្អូនចំណាកស្រុក ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយប្ដេជ្ញាបន្ដចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងសង្គមជាតិ ក្នុងការរក្សាសុខសន្ដិភាព ស្ថេរភាពនិងការអភិវឌ្ឍ ឥតឈប់ឈរទៅមុខទៀត របស់មាតុភូមិ យើងលើមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋដូចពេលបច្ចុប្បន្ន។
អង្គប្រជុំប្ដេជ្ញារួមសហការជិតស្និទ ជាមួយក្រុមការងារ ស្រុក ក្រុង និងគណបក្សមូលដ្ឋាន ដើម្បីកសាងផែនការសកម្មភាព ជាក់ស្ដែង ដោយកំណត់កម្មវិធី ពេលវេលានិងទីកន្លែងជាក់លាក់ ព្រមទាំងរៀបចំកំលាំងបែងចែក ប្រគល់ ភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីសម្របសម្រួលក្នុងការដឹកនាំ ចាត់តាំងអនុវត្ត សេចក្ដីណែនាំ ខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕