(ភ្នំពេញ)៖ លោក ហេង ឡុង បានសម្រេចដាក់ពាក្យបណ្ដឹងជាផ្លូវការទៅសមត្ថកិច្ចនៅប្រទេសកូរ៉េ ប្ដឹងអ្នកដែលលួចថតវីដេអូរបស់លោក ដោយគ្មានការអនុញ្ញាត ហើយបង្ហោះចែកចាយតាមបណ្ដាញសង្គម Facebook ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក និងក្រុមការងារ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ហេង ឡុង ក៏បានអះអាងថា លោកបានសម្រេចដាក់ពាក្យបណ្ដឹង ជាផ្លូវការទៅប្ដឹងបុគ្គលដែលប្រើប្រាស់ Facebook ឈ្មោះ Bun Hoeun Sanh និងបក្ខពួក ចំពោះសកម្មភាពនៃការលួចថតវីដេអូ ដោយគ្មានការអនុញ្ញាត។ លោកបានបន្ថែមថា ទីតាំងដែលលោកបានដាក់ពាក្យប្ដឹងនោះ គឺនៅប៉ុស្ដិ៍ប៉ូលីស Ansan Danwon ស្ថិតក្នុងខេត្ត Gyeonggi-do ប្រទេសកូរ៉េខាងត្បូង។

លោក ហេង ឡុង បានបញ្ជាក់ទៀតថា ក្រៅពីការប្ដឹងដើម្បីលុបលាងនូវអ្វីដែលបានប៉ះពាល់ដល់កិត្តិយសរបស់លោក និងក្រុមការងារហើយនោះ លោកក៏បានប្ដឹងបុគ្គលរូបនោះ ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរផងដែរ។

តាមរយៈពាក្យបណ្ដឹងនោះ លោក ហេង ឡុង បានស្នើសុំដល់សមត្ថកិច្ចកូរ៉េ ជួយរកយុត្តិធម៌ជូនលោក និងក្រុមការងារ ពិសេសចំពោះការប្រមាថជាតិសាសន៍ខ្មែរ ពីសំណាក់បុគ្គលឈ្មោះ Bun Hoeun Sanh និងបក្ខពួក។

គួរជម្រាបថា ប៉ុន្មានថ្ងៃមកនេះ មានការចែកចាយជាបន្ដបន្ទាប់នូវវីដេអូនៃការប៉ះពាក្យបណ្ដឹងគ្នា រវាងក្រុមអ្នកសិល្បៈដែលដឹកនាំដោយលោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយក្រុមបុគ្គលឈ្មោះ Bun Hoeun Sanh តាំងពីព្រលានយន្ដហោះប្រទេសម៉ាឡេស៊ី រហូតមកដល់ប្រទេសកូរ៉េខាងត្បូង៕