(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ២កន្លែង នៅឃុំស្រក ស្រុកកំពង់សៀម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានបញ្ជាជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម អជ្ញាធរឃុំស្រក និងជំនាញរដ្ឋបាលជលផល ចុះបង្ក្រាបបទល្មើសនេសាទ២ករណី។
លោកឧត្តមសេនីយ៍ស្នងការ ករណីទី១៖ នៅចំណុចទំនប់ជ្រោយចេក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម បង្រ្កាបបានលូស្បៃមុង១៨មាត់, របាំងប្រវែង ៥៤០ម៉ែត្រ, បង្គោល៤៥០ដើម និងលែងកូនត្រី៣៦គីឡូក្រាម។ ករណីទី២៖ នៅចំណុចទំនប់កែប្រែ ស្ថិតក្នុងឃុំស្រក បង្រ្កាបបានលូស្បៃមុង១៦មាត់, របាំងប្រវែង៤៨០ម៉ែត្រ, បង្គោល៤០០ដើម និងលែងកូនត្រី៣២គីឡូក្រាម។
ចំពោះវត្ថុតាងខាងលើ ជំនាញរដ្ឋបាលជលផល បានបង្កើតគណៈកម្មាធិកាដុតបំផ្លាញចោល នៅចំណុចទំនប់ជ្រោយចេក ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕