(ភ្នំពេញ)៖ ក្រុមមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើដល់ស្ថាប័នមានសមត្ថកិច្ច អយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង និងធ្ងន់ធ្ងរបំផុតលើក ទណ្ឌិត សម រង្ស៊ី ដែលហ៊ានប្រមាថដ៏ធ្ងន់ធ្ងរបំផុត លើអង្គព្រះមហាក្សត្រ ខណៈក្រសួងព្រះបរមរាជវាំងក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្កាផងដែរ។
ក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្រោយពីបានស្តាប់សម្តីអគតិ របស់ទណ្ឌិត សម រង្ស៊ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមមេធាវីរាជរដ្ឋាភិបាល ចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត លើអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមនុ និងជាការបំពានលើមាត្រា៧ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃកម្ពុជា។
ក្រុមមេធាវីរាជរដ្ឋាភិបាលបន្ថែមថា ក្នុងពាក្យសម្តីដែលទណ្ឌិត សម រង្ស៊ី បានលើកឡើង ក៏ជាការនិយាយបរិហារ ចោទប្រកាន់ផ្ទុយពីការពិត ទម្លាក់កំហុសលើ សម្តេចតេជោ ហ៊ុន សែន ក្នុងចេតនាញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម ដែលជាការបំពានលើ មាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។
ក្រុមមេធាវីរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា បុគ្គល សម រង្ស៊ី រូបនេះ មានពាក្យបណ្តឹង និងមានសាលក្រម សាលដីការស្ថាពរ ផ្តន្ទាទោសជាច្រើន ដែលរហូតមកដល់ពេលនេះ បានក្លាយទៅជាទណ្ឌិតមួយរូប កំពុងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន យកមកអនុវត្តទោស ក្នុងពន្ធនាគារ។
ការចេញសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា «....ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើរទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ»។
ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា៖ «ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ កំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងរិរន្តរភាពជាតិ»។
ព្រះបរមរាជវាំងបានបញ្ជាក់ទៀតថា៖ អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជា កំពុងទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕