(ស្វាយរៀង)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ បានចូលរួមក្នុងពិធីសូត្រមន្តព្រះសង្ឃ៦៧អង្គ ជាមួយពុទ្ធបរិស័ទ នៅវត្តព្រៃឆ្លាក់ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា។
លោកស្រីកិត្តិសង្គហបណ្ឌិត បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមបានជួបប្រទះ តែព្រះពុទ្ធពរទាំង៤ប្រការ និងសុំតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។
ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមការងារ ក៏បានប្រគេនបច្ច័យ ១០លានរៀល ដល់វត្តព្រៃឆ្លាក់ និងព្រះសង្ឃ៦៦អង្គ ក្នុងមួយអង្គទទួលបានស្លាដកមួយ និងបច្ច័យ៤ម៉ឺនរៀល។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅក្នុងរដូវនៃពិធីបុណ្យភ្ជុំបិណ្ឌ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តតែងតែអញ្ជើញចូលរួមធ្វើបុណ្យធ្វើទាន ជាមួយពុទ្ធបរិស័ទព្រមទាំង បាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេនព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតាញាតិការ ទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ ។
មួយចំណែកនៃកុសលផលបុណ្យនេះ សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឲ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕