(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី ដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតនៃរាស្រ្តខ្មែរទូទាំងនគរ ខណៈក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការប្រមាថដល់អង្គព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង។
អធិបញ្ជាដែលត្រូវបានចុះហត្ថលេខាដោយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបរាប់បញ្ជាក់ថា៖ «ពាក្យសម្តីរបស់ឈ្មោះ សម រង្ស៉ី ដែលបានផ្សព្វផ្សាយជាសាធារណៈនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជារាស្រ្តខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាគោរពស្រឡាញ់ស្មើជីវិត»។
«ការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តាអង្គព្រះមហាក្សត្រខាងលើនេ គឺជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយទង្វើនេះត្រូវបានកំណត់ជា បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ» នេះបើយោងតាមខ្លឹមសារនៃអធិបញ្ជារ របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
ការចេញអធិបញ្ជារបស់ក្រសួងយុត្តិធម៌ ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា «....ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើរទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ»។
ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា៖ «ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ កំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងរិរន្តរភាពជាតិ»។
ព្រះបរមរាជវាំងបានបញ្ជាក់ទៀតថា៖ អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជា កំពុងទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕