(តាកែវ)៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានណែនាំដល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ឲ្យធ្វើការពិនិត្យឡើងវិញ ករណីប្រធានភូមិបាលស្រុកត្រាំកក់លោក លន់ ហួត ដែលបានចេញប្លង់កម្មសិទ្ធិប្រើប្រាស់ប្លង់ដីមួយចំនួន នៅស្រុកត្រាំកក់ មិនមានភាពប្រក្រតីដែលនាំឲ្យមានការរិះគន់នៅតាមសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុក។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសាចរាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនិងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត លោក អ៊ូច ភា បានណែនាំដល់លោកប្រធានមន្ទីរសូរិយោដីខេត្តឲ្យពិនិត្យមើលមន្រ្តីរបស់ខ្លួនឡើងវិញ ជាពិសេសរាល់ការចេញប្លង់កម្មសិទ្ធនីមួយៗ។

អភិបាលខេត្ត បានថ្លែងថា «ករណីប្រជាពលរដ្ឋសង់របងរំលោភចូលប្រឡាយ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ គឺជាបញ្ហារសើបមួយដែលកាសែតបានចុះផ្សាយ និងមានបង្ហោះរិះគន់តាមបណ្ដាញ សង្គមហ្វេសប៊ុកផងដែរ។ ការសាងសង់នេះ ម្ចាស់សំណង់អះអាងថា គេសាងសង់ឡើងទៅតាមប្លង់ដីរបស់ខ្លួន ដែលចេញដោយមន្រ្តីសូរិយោដី»

អភិបាលខេត្ត បានបន្ថែមថា រាល់ប្រឡាយទឹកទាំងអស់ គឺតែងតែមានតួប្រឡាយខ្នងប្រឡាយ និងចំណីប្រឡាយទឹក ហើយគ្មានអ្នកណាម្នាក់អាចចេញប្លង់ទៅដល់ខ្នងប្រឡាយទឹក មកធ្វើជាកម្មសិទ្ធិ នោះទេ គឺមិនដែលមាននោះទេ ដូច្នេះសូមប្រធានមន្ទីរសូរិយោដីពិនិត្យមើលបញ្ហានេះឡើងវិញ ជាពិសេសអាជ្ញាធរនៅមូលដ្ឋានទាំងអស់ ដើម្បីចៀសវាងកុំឲ្យមានបញ្ហា ទៅថ្ងៃក្រោយ។

លោក អ៊ូច ភា បានសង្កត់ធ្ងន់ថា «ប្រសិនបើយើងដឹងថា មានមន្រ្តីសូរិយោដីស្រុក ក្រុងណាខិលខូច គួរតែដកគាត់ឲ្យមកធ្វើការនៅមន្ទីរវិញ ហើយប្រធានមន្ទីរធ្វើលិខឹតស្នើមកខេត្តមក ខ្ញុំចាំតែស៊ីញ៉េឲ្យទេ ព្រោះដើម្បីលុបបំបាត់មន្រ្តីខិលខូចបែបនេះ កុំឲ្យមានបញ្ហាបន្សល់ទុកទៅថ្ងៃក្រោយបន្ថែមទៀត»

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានប្រាប់ឲ្យមន្រ្តីរបស់លោក កុំបន្ទោសលើការផ្សាយរបស់សារព័ត៌មាន ឬបណ្ដាញសង្គមពីករណីសាងសង់ចូលខ្នងប្រឡាយនៅក្នុងស្រុកត្រាំកក់ ព្រោះអ្វីដែលគេផ្សាយ ឬបង្ហោះនោះគឺគេឃើញរឿងពិត ជាក់ស្ដែង ប៉ុន្តែទោះយ៉ាងណាអាជ្ញាធរ ក៏មិនបានព្រងើយកន្ដើយនោះទេ គឺយើងបានចុះទៅធ្វើការវាស់វែង និងបានឲ្យម្ចាស់សំណង់រុះរើនៅរបងដែលសង់រំលោភចូលដីប្រឡាយ។

គួបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ អាជ្ញាធរស្រុកត្រាំកក់ រួមនិងមន្រ្តីពាក់ព័ន្ធ បានចុះទៅធ្វើការវាស់វែង និងកំណត់ព្រំដីជាក់ស្ដែងលើការសាងសង់រំលោភ ចូលប្រឡាយទឹកនៅចំណុចភូមិព្រៃដំរី ឃុំអង្គតាសោម ដែលនាំឲ្យមានការចុះផ្សាយរិះគន់ពីសារព័ត៌មាន និងការរិះគន់ពីបណ្ដាញសង្គមហ្វេសប៊ុក ដោយមន្រ្តីជំនាញ បានចុះវាស់វែងបានរកឃើញថា ផ្នែកខាងមុខ ចាប់ពីក្បាលដីលេខ២០២ ទល់នឹងប្រឡាយទឹកបានសង់ចូលប្រឡាយទឹក ១,៤ម៉ែត្រ នឹងបានសង់ចូលចំណីផ្លូវជាតិលេខ៣ ប្រវែង ៦ម៉ែត្រ នឹងផ្នែកនៅខាងក្រោយ នៅលើក្បាលដីលេខ ២៣២ មានប្រវែង ៧៦,៩៦ម៉ែត្រ ចុងខាងលិចរបងដែលបានសង់រួចនោះ គឺម្ចាស់សំណង់ សង់មិនចូលប្រឡាយទឹកនោះទេ ដោយបានសង់ថយក្រោយចូលដីរបស់ខ្លួន ១ម៉ែត្រវិញ។

តែទោះយ៉ាងណា អាជ្ញាធបានឲ្យម្ចាស់សំណង់រុះរើរបងដែលសង់រំលោភលើប្រឡាយទឹក ហើយម្ចាស់សំណង់ក៏យល់ព្រមរុះរើតាមការណែនាំរបស់អាជ្ញាធរួចរាល់ហើយដែរ៕