(ភ្នំពេញ)៖ លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា។
ភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញស្វាគមន៍នៅលើបណ្តាញសង្គម Facebook។ សម្តេចតេជោបានប្រកាសយ៉ាងដូច្នេះថា៖ «កម្ពុជាសូមស្វាគមន៍ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ»។
ដោយមិនបង្អង់យូរ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា នាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តីឡាវ ក៏បានចូលជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន។ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានរៀបចំទទួលស្វាគមន៍នាយករដ្ឋមន្រ្តីឡាវ យ៉ាងអធឹកអធមដូចទៅនឹងការទទួលស្វាគមន៍នាយករដ្ឋមន្រ្តី នៃបណ្តាប្រទេសជាមិត្តផ្សេងទៀតដែរ។
បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីរបស់មេដឹកនាំទាំងពីរ កម្ពុជា-ឡាវ បានចុះកិច្ចព្រមព្រៀងឯកសារកិច្ចព្រមព្រៀងចំនួន៥ ដែលក្នុងនោះមានដូចជា៖
១៖ អនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ (ហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ខាំផែង សាយ សំផេង រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម)។
២៖ កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក ខាំម៉ានី អ៊ីនធីរ៉ាត់ រដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែ)។
៣៖ កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនាំចូលអគ្គិសនីអនុភាព ៥០០មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរងចាំសមាភាពពីភាគីឡាវ)។
៤៖ កិច្ចព្រមព្រៀទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព៦00 មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរងចាំសមាភាពពីភាគីឡាវ)។
៥៖ កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវងអគ្គិសនីកម្ពុជា និងក្រុមហ៊ុម XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព ១៨០០ មេហ្កាវ៉ាត់ នៅខេត្តសេកុង (ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរងចាំសមាភាព ពីភាគីឡាវ)។
ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរបានរៀបចំសន្និសីទកាសែតរួមគ្នា។ ក្នុងសន្និសីទកាសែតនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណី លោក សម រង្ស៉ី។ សម្តេចចេញអះអាង យ៉ាងច្បាស់ៗថា សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងនាមជាមេដឹកនាំកំពូល និងជាអ្នកទទួលខុសត្រូវលើជោគវាសនាជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេនឹងចាត់ទុកថា ក្រុមនោះ (ទណ្ឌិត សម រង្ស៊ី) នឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តម នាយករដ្ឋមន្ដ្រីបញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ាន អំពីគោលការណ៍របស់ឡាវ ដែលមិនផ្ដល់ មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង»។ លោក«ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយ នូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែល មានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ ចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ» នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ចំណែក លោក ថងលូន ស៊ីស៊ីលីត ក៏បានប្រកាសជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលខ្លួនថា ប្រទេសឡាវដែលជាភូមិផងរបងដ៏ល្អ របស់កម្ពុជានោះ មិនអនុញ្ញាតដាច់ខាតឲ្យទណ្ឌិត សម រង្ស៊ី ឆ្លងកាត់ប្រទេសឡាវ ចូលមកបំផ្លិចបំផ្លាញប្រទេសកម្ពុជានោះឡើយ ហើយរដ្ឋាភិបាលក្រុងវៀងច័ន្ទ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ជាទីបំផុត។ លោក ថងលូន ស៊ីស៊ូលីត បានប្រកាសពីជំហររដ្ឋាភិបាលរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំទើបបានព័ត៌មានពីសម្ដេចតេជោ ហ៊ុន សែន មុននេះ។ ខ្ញុំសូមបញ្ជាក់ថា បុគ្គលណាដែលមានទោសមកឆ្លងប្រទេសឡាវ សញ្ជាតិណាក៏ដោយ ដើម្បីយកឡាវជាកន្លែងឆ្លងកាត់ដើម្បីទៅបំផ្លាញប្រទេសផ្សេងនោះ យើងនឹងដំណើរការ យ៉ាងម្មត់ចត់ យើងនឹងធ្វើការយ៉ាងម្មត់ចត់ មិនឲ្យកើតបញ្ហានេះឡើង»។
បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) បានបញ្ចប់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ភាគីទាំងពីរកម្ពុជា-ឡាវ បានចេញសេចក្តីថ្លែងការណ៍រួមចំនួន១២ចំណុច ដើម្បីបង្ហាញអំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីឡាវមកកាន់កម្ពុជា។
កម្ពុជា-ឡាវ បានកំណត់ខណ្ឌសីមា ចំនួន៨៦ភាគរយហើយ នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងសេចក្ដីថ្លែងការណ៍រួម បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីទាំងពីរ បានឯកភាពគ្នា ប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែន នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាព្រាង ឲ្យបានឆាប់បំផុតនូវ សន្ធិសញ្ញាស្តីពី ការខណ្ឌសីមាព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពាក់ព័ន្ធកំណាត់ព្រំដែន ដែលភាគីទាំងពីរ បានកំណត់ខណ្ឌសីមា រួចរាល់ហើយ ចំនួន៨៦% នៃខ្សែព្រំដែនរវាង ប្រទេសទាំងពីរ»។
ក្រៅពីនោះ សេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ដែរថា កម្ពុជា-ឡាវ បានឯកភាពគ្នាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ក្នុងសេចក្ដីថ្លែងការណ៍រួម បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់កំរិតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌»។
សេចក្តីថ្លែងការណ៍ ក៏បានកត់សម្គាល់ទៀតថា «ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងចន្ទ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី តាមរយៈកិច្ចប្រឹងប្រែងរួម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសបង្កើនពាណិជ្ជកម្មទ្វេភាគីលើវិស័យថាមពលអគ្គិសនី។
តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពី ដែលមាន១២ចំណុច បានបញ្ជាក់ឱ្យដឹងថា សារៈសំខាន់នេះ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ទូរគមនាគមន៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជលូតុវិទ្យា និងបរិស្ថាន។ ភាគីទាំងពីរយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសង្គម-វប្បធម៌ ដែលរួមមានសុខុមាលភាពសង្គម អប់រំ និងកីឡា ព័ត៌មាន វប្បធម៌ និងទេសចរណ៍ ការថែរក្សាសុខភាព និងយុវជន មិនត្រឹមតែគាំទ្រ ដល់ទំនាក់ទំនងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្មារតីភាព រវាងប្រជាជាតិទាំងពីរផងដែរ។
បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន និងទទួលទានអាហារថ្ងៃត្រង់ ជាលក្ខណៈឯកជនហើយនោះ លោកនាយករដ្ឋមន្រ្តីឡាវ បានបន្តការងារទស្សនកិច្ចរបស់លោកនៅកម្ពុជាបន្តទៀត។ នៅរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក ថងលូន ស៊ីស៊ូលីត បានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ព្រមទាំងបានចូលគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបន្ទាប់ពីនោះ លោកចូលជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
រហូតដល់នៅវេលាម៉ោង៤៖០០នាទី រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក ថងលូន ស៊ីស៊ូលីត បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។ ក្នុងជំនួបនេះ សម្តេច ហេង សំរិន សម្តែងនូវការគាំទ្រចំពោះលទ្ធផល នៃកិច្ចពិភាក្សាទ្វេភាគី រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍ទាំងសងខាង។ ក្នុងជំនួបជាមួយសម្តេចប្រធានរដ្ឋសភា លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត បានជម្រាបថា នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ព្រឹកមិញនេះ លោកបណ្ឌិត និងសម្តេចនាយករដ្ឋមន្រ្តី បានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាព្រពៃណីរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង។ ប្រមុខដឹកនាំរដ្ឋាភិបាលឡាវ បានលើកឡើងថា កម្ពុជានិងឡាវ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពង្រីកវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពលអគ្គិសនី អប់រំ បរិស្ថាន ទេសចរណ៍ និងវប្បធម៌ជាដើម។
បន្ទាប់ពីបំពេញទស្សនកិច្ចអស់រយៈពេលពេញមួយថ្ងៃ លោក ថងលូន ស៊ីស៊ូលីត បានបញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
លុះនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ថងលូន ស៊ីស៊ូលីត បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅវិមានព្រឹទ្ធសភា មុនពេលបញ្ចប់ទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា។ ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីឡាវ បានជម្រាបជូនប្រមុខរដ្ឋស្តីទីកម្ពុជាថា ភាគីទាំងពីរ នឹងខិតខំធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសកម្ពុជា-ឡាវ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ នាយករដ្ឋមន្រ្តីឡាវ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ភាគីទាំងពីរនឹងខិតខំធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ចំណុចដែលនៅសេសសល់ ភាគីទាំងពីរបានប្រគល់ភារកិច្ចទៅឱ្យក្រសួងការបរទេស ក៏ដូចជាគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ បន្តពិភាក្សាដោះស្រាយជាមួយនឹងគ្នា ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ៕