(កំពង់ចាម)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានអញ្ជើញពិនិត្យសកម្មភាព នៃការជួសជុលស្ពានទួលរកា ស្ថិតនៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីស្ពានខាងលើ ត្រូវបានទឹកហូរបុកបណ្ដាលឲ្យបាក់សសរមួយដើមនាពេលកន្លងទៅថ្មីៗនេះ ក្រុមជំនាញបច្ចេកទេស បានសម្រេចសាងសង់បន្ថែមប៉ាណូចំនួន ២ជួរ កម្ពស់១ជាន់ទៀត លើប៉ាណូចាស់ ដែលមានស្រាប់ ដើម្បីពង្រឹងស្ពានឲ្យបានធ្វើចរាចរបណ្តោះអាសន្ន ក្នុងរដូវទឹកជំនន់នេះ ដោយប្រើដែកប៉ាណូចំនួន ៣៦ផ្ទាំង ត្រង់កន្លែងសរសររលំនោះ។ លោកបន្តថា បច្ចុប្បន្ននេះ មន្ត្រីជំនាញបច្ចេកទេស កំពុងរៀបចំប៉ាណូនោះឡើងវិញ ដែលសម្រេចបានប៉ាណូចំនួន ៤ផ្ទាំងហើយ។
សូមរំលឹកថា ស្ពាន ១កន្លែងនេះ ជាប្រភេទ ស្ពានដែកបាឡេ បានកសាងឡើងកាលពីឆ្នាំ១៩៩៣ ហើយបានទទួលរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ដោយទឹកហូរធ្វើឲ្យរលំសសរ១ដើម ត្រង់ចំណុចកណ្ដាលស្ពាន កាលពីវេលាម៉ោង៦៖៣០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
ស្ពាននេះដែរតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើនៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងជាស្ពាន សម្រាប់ការចរាចររបស់ប្រជាពលរដ្ឋទូទៅ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះកាន់ស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះផងដែរ៕