(ក្រចេះ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចាត់ឱ្យក្រុមការងារនៃទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣៥៩គ្រួសារ ដែលរស់នៅក្នុងស្រុកឆ្លួង និងស្រុកចិត្តបុរី ខេត្តក្រចេះ។
ពិធីចុះចែកអំណោយនេះធ្វើឡើងតាមរយៈ លោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានកិត្តយសសាខាកាកបាទ ក្រហមខេត្តក្រចេះ ដែលបានរៀបចំឡើងនៅលើទីទួលសុវត្ថិភាពចំនួន ២កន្លែង ក្នុងនោះទីទួលសុវត្ថិភាពទី១ ស្ថិតនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លួង ចំនួន១៨៤គ្រួសារ និងទីទួលសុវត្ថិភាពទី២ ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ចំនួន ១៧៥គ្រួសារ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក វ៉ា ថន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ដែលជួបគ្រោះទឹកជំនន់នៅក្នុងរដូវវស្សានេះ។
លោក អ៊ុយ សំអាត បានលើកឡើងដែរថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម។
លោក អ៊ុយ សំអាត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច ត្រូវមើលថែទាំចាស់ៗ ដែលស្តាប់ពុំឮ មើលពុំឃើញ សូមកុំឱ្យទៅក្បែរទឹក និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗ នៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យទៅលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត។
លោកបានឱ្យដឹងទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជាប់ជាប្រចាំ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ពីផលប៉ះពាល់ធ្វើយ៉ាងណាឱ្យបានអតិបរមាបំផុត។
សូមបញ្ជាក់ថាអំណោយដែលកាកបាទក្រហមកម្ពុជា ផ្តល់ជូនរួមមាន៖ មី ១កេស, ត្រីខ១០កំប៉ុង ហើយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង ៣៥៩គ្រួសារ ក៏ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងខេត្ត។ ដោយឡែកមន្ទីរសុខាភិបាលខេត្តក្រចេះ បានឧបត្ថម្ភមុង ចំនួន១ក្នុងមួយគ្រួសារផងដែរ៕