(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ លើកទី៤ ដល់មន្ត្រីរបស់ខ្លួន នៅសាលប្រជុំ នៃស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលពីលោក ផាន អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងលោក ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារង ជាវាគ្មិនកិត្តិយស ។
លោក ផាន អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងបំពេញបន្ថែមចំណេះដឹង ពង្រឹងសមត្ថភាព តួនាទី និងភារកិច្ច របស់មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលទទួលបាននីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ សម្រាប់អនុវត្តន៍ច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាឲ្យបានសមស្រប និងមានប្រសិទ្ធភាព។
លោក ស្វាយ សំណាង លើកឡើងថា មុននឹងក្លាយជាមន្ត្រីយុត្តិធម៌ ក្រសួងយុត្តធម៌ បានបំពេញបន្ថែមសមត្ថភាព ដល់មន្ត្រីកាំកុងត្រូល ដូចជា ជំនាញស្វែងរកភស្តុតាង កំណត់មុខសញ្ញាបទល្មើស ដំណើរការស៊ើបអង្កេត និងនីតិវិធីបញ្ជូនសំណុំរឿង ទៅកាន់តុលាការ ដើម្បីអាចផ្តន្ទាទោសជនល្មើសទៅតាមច្បាប់។ វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌នេះ បានដំណើរការចំនួន ៤វគ្គ រួចមកហើយ ដោយមាន សិក្ខាកាមសរុបចំនួន ៦០៨នាក់។
សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រួលភារកិច្ចកាំកុងត្រូល ពីច្រកព្រំដែន មកបំពេញភារកិច្ចនៅផ្ទៃក្នុងប្រទេសវិញ អគ្គនាយកដ្ឋានកាំកុងត្រូល បានខិតខំបន្ថែមទៀត ក្នុងការពង្រឹង សមត្ថភាពដល់មន្ត្រីជំនាញគ្រប់ផ្នែក ពិសេស មន្ត្រីមន្ទីរពិសោធន៍ ដើម្បីការពារសុខភាព សុវត្ថិភាព លើផ្នែក ចំណីអាហារ និងការពារផលប្រយោជន៍សេដ្ឋកិច្ច រួមទាំង ផ្តល់សេវាត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារ ធានាបាននូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ៕