(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីអាក់ខានរយៈពេល ៥៤ឆ្នាំមកហើយនោះ គឺចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ២០២៣។

ការលើកឡើងបែបនេះរបស់សម្តេចពីជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញរៀបចំវេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិកាណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «នៅឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការធ្វើម្ចាស់ផ្ទះកីឡា SEA Games ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអាក់ខានរយៈពេល៥៤ឆ្នាំមកហើយ ១៩៥៩-២០២៣»

ជាមួយគ្នានេះ សម្តេចពិជ័យសេនា បានណែនាំឲ្យធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំទូលាយបញ្ហាប ឱ្យមានចំណេះដឹង ពុទ្ធិ បទពិសោធន៍ នៃការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ដើម្បីចែករំលែក និងផ្ទេរចំណេះដឹង សម្រាប់យើងទាំងអស់គ្នា អនុវត្តការងារឱ្យមានប្រសិទ្ធភាព និងភាពកក់ក្តៅដល់បណ្តាប្រទេសអាស៊ី អាគ្នេយ៍ជាមិត្ត ក៏ដូចជាភ្ញៀវកីឡា ទេសចរកីឡា ដែលអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍កីឡា SEA Games មកពីទូទាំងពិភពលោក។

វេទិកានេះក៏ជាសសរស្តម្ភ នៃយន្តការរួម ប្រទាក់ក្រឡាគ្នា រវាងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការកសាងផែនការយុទ្ធសាស្រ្តឆ្ពោះទៅរកគោលដៅ នៃលទ្ធផលរំពឹងទុកក្នុងការដឹកនាំគ្រប់គ្រង ព្រឹត្តិការណ៍កីឡា ក៏ដូចជាព្រឹត្តិការណ៍កែប្រែសង្គម ក្នុងអំឡុងពេល SEA Games ទទួលបានជោគជ័យដ៏ពិតប្រាកដ។

សម្តេចពិជ័យសេនា ទៀ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈព្រឹត្តិការណ៍នេះនឹងបង្ហាញមុខមាត់ លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់បង្ហាញ ឱ្យពិភពលោកទាំងមូល បានយល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច សង្គមខ្មែរដ៏រុងរឿងថ្កុំថ្កើងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ ហើយមានលទ្ធភាពរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games ដ៏ធំបែបនេះបាន»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា មួយវិញទៀត តាមរយៈវេទិកាជាតិលើកទី១នេះ គណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាSEA Games និងស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងបន្តរៀបចំផែនការសកម្មភាពលម្អិតរបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games តាមផែនការមេរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើលក្ខណៈសម្បត្តិសំខាន់ៗ៣រួមមាន៖

*ទី១៖ ការអនុវត្តផែនការមុនព្រឹត្តិការណ៍ប្រកួតដូចជា ការបណ្តុះបណ្តាលធនធានកីឡាករ មន្ត្រីជំនាញ និងបទពិសោធន៍ក្នុងការរៀបចំពហុកីឡា Game ដែលយើងកំពុងអនុវត្តថ្ងៃនេះ
*ទី២៖ ផែនការក្នុងពេលដំណើរការព្រឹត្តិការណ៍ និងផែនការក្រោយព្រឹត្តិការណ៍ប្រកួត
*ទី៣៖ ការរៀបចំហេដ្ឋា រចនាសម្ព័ន្ធកីឡា និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈតាំទ្រសកម្មភាពទាំង៣ខាងលើនេះ ជាកត្តាដ៏មានសារៈសំខាន់ ក្នុងការរៀបចំផែនការមេ ពីព្រោះវាមានការទំនាក់ទំនងគ្នាទៅវិញទៅមក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ប្រសិនបើយើងមានផែនការយុទ្ធសាស្រ្ត ផែនការបង្ហាញផ្លូវតាមដំណាក់កាលច្បាស់លាស់ មានហេដ្ឋារចនាសម្ព័ន្ធកីឡាត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស វានឹងធ្វើឱ្យកីឡាករ និងគ្រូបង្វឹកស្វែងរកគុណផលបានយ៉ាងល្អប្រសើរ។ ព្រមជាមួយនេះ យើងក៏មិនអាចកាត់ផ្តាច់បានពីភាពបត់បែន ភាពឈ្លាសវៃ និងបទពិសោធន៍ការរៀបចំពហុកីឡា ដែលជាកត្តាសំខាន់ឆ្ពោះ ទៅរកជោគជ័យ នៃការធ្វើម្ចាស់ផ្ទះផងដែរ។

រីឯការកែលម្អ និងការកសាងហេដ្ឋា រចនាសម្ព័ន្ធកីឡា គឺជាមូលដ្ឋានបឋម និងចាំបាច់បំផុតក្នុងការអភិវឌ្ឍន៍វិស័យកីឡា។ ប្រការទាំងអស់នេះហើយ ទើបនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគលើវិស័យកីឡាកាន់តែច្រើនទៅៗ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទន់ រឹង ការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស ទាំងក្នុងក្រៅប្រទេស ការជួយគាំទ្រឧបត្ថម្ភគ្រប់ពេលវេលា គ្រប់ទីកន្លែង និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលដណ្តើមបានពានរង្វាន់មេដាយមាស ប្រាក់ សំរិទ្ធិ នៅក្នុងថ្នាក់តំបន់ និងអន្តរជាតិទៀតផង៕