(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យ ជាក្រុមចោរឆក់ ០៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពល្មើសរបស់ខ្លួននៅតាមភូមិសាស្ត្រនានា នៅរាជធានីភ្នំពេញ។
ជនសង្ស័យទាំង៦នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ រួមមាន៖ ទី១៖ ឈ្មោះ ជី លីហេង ហៅឆើត ភេទប្រុស អាយុ១៧ឆ្នាំ, ទី២៖ ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ, ទី៣៖ ឈ្មោះ សូ ណងបុត្រា ភេទប្រុស អាយុ១៤ឆ្នាំ, ទី៤៖ ឈ្មោះ គុជ ពីរតនា ភេទប្រុស អាយុ១៩ឆ្នាំ និងទី៥៖ ឈ្មោះឳម ជ័យរ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ទាំង០៥នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថទួលគោកប្រដេញតាមរហូតដល់ភូមិសាស្រ្តខណ្ឌដង្កោ ហើយសហការជាមួយអាវុធហត្ថខណ្ឌដង្កោ និងសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៣:០០នាទី នៅផ្ទះរបស់ពួកគេ ចំណុចបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រីឯម្នាក់ទៀត ឈ្មោះ ថន ចន្ធី ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក បន្តសហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១៤៖០០នាទី នៅចំណុចស្តង់បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សរុបជនសង្ស័យទាំង ០៦នាក់ ខាងលើ គឺជាបក្សពួកក្រុមចោរឆក់តែមួយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្រ្តីជនរងគ្រោះជាជនជាតិចិន បានសម្រេច នៅចំណុចផ្លូវ១២៨ កែងផ្លូវ២៤៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០៖៣០នាទី និងត្រូវបានកម្លាំងអាវុធហត្ថ ស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩៕