(ហ្សិនជិន-ចិន)៖ លោក Richard ZHONG អគ្គនាយករងទូទៅ ការិយាល័យនៃគណៈកម្មាធិការបម្រើកិច្ចការបរទេស របស់គណៈកម្មាធិការក្រុងហ្សិនជិន នៃគណបក្សកុម្មុយនិស្តចិន (CPC), ការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលប្រជាជនក្រុងហ្សិនជិន បានថ្លែងថា ទីក្រុងហ្សិនជិន (Shenzhen) គឺជាស្ថានសួគ៌នៃការដើរទិញទំនិញ។
មន្ត្រីជាន់ខ្ពស់ការបរទេស បានថ្លែងបែបនេះ នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកធ្វើពិធីទទួលទានអាហារស្វាគមន៍ ដល់ប្រតិភូព័ត៌មាន១៨ប្រទេស ក្នុងនោះមានអ្នកព័ត៌មានកម្ពុជា ដែលពួកគេមកពីប្រទេសសមាជិក អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្រោយធ្វើដំណើរមកដល់ ទីក្រុងហ្សិនជិន បន្ទាប់ពីបញ្ចប់បេសកកម្ម នៅទីក្រុងជូហៃ។
លោក Richard ZHONG មុនទទួលទានអាហារ លោកបានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយភាពរីករាយបំផុត ចំពោះប្រតិភូទាំងអស់។ លោកថ្លែងថា ហ្សិនជិន គឺជាស្ថានសួគ៌ សម្រាប់ដើរទិញទំនិញ នៅប្រទេសចិននេះហើយ។
មូលហេតុដែលលោកថ្លែងបែបនេះ លោកបានលើកឡើងត្រួសៗថា ជាទូទៅទំនិញនៅទឹកដីនេះមានភាពធូរថ្លៃ ជាងកន្លែងលក់ទំនិញនានា។ ទីនេះ សម្បូរទៅដោយទំនិញគ្រប់ប្រភេទ ដែលមានតម្លៃសមរម្យ។
ហ្សិនជិន គឺជាទីក្រុងដ៏សំខាន់មួយ របស់ខេត្តក្វាងទុង ប្រទេសចិន។ ជាមួយគ្នានេះដែរ លោក Richard បានថ្លែងរម្លឹកថា GDP របស់ក្រុងហ្សិនជិន នាឆ្នាំ២០១៨ មានចំនួន ២.៤ទ្រីលានយ័ន (ប្រហែល ៣៥៤ ប៊ីលានដុល្លារអាមេរិក)៕