(កំពង់ចាម)៖ អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀននោះ កម្លាំងនគរបាលខេត្ដកំពង់ចាម បានចាប់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ ចំនួន១០នាក់ នៅស្រុកជើងព្រៃ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើង នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខហ្គារាសសាំង ហុង ពៅហេង ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំស្រម៉រ ស្រុកជើងព្រៃ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន០២កញ្ចប់ ទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូ០២គ្រឿង។
លុះដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ តាមចម្លើយជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ ទី១៖ឈ្មោះ អ៊ូ សុវណ្ណរ៉ាឌី ហៅឈាន់ នៅភូមិត្រពាំងត្មាត ឃុំស្រម៉រ ស្រុកជើងព្រៃ, ទី២៖ឈ្មោះ ឡុង ប៊ុនធឿន អាយុ៦២ឆ្នាំ, ទី៣៖ឈ្មោះ ជា ស្រស់ អាយុ៣៧ឆ្នាំ, ទី៤៖ឈ្មោះ រ័ត្ន ប្រុស អាយុ២៨ឆ្នាំ, ទី៥៖ឈ្មោះ ញឹម ធារ៉ា អាយុ២៦ឆ្នាំ, ទី៦៖ឈ្មោះ វ៉ន ឆៃ ទាំង០៥នាក់រស់នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ។ ដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន៤១កញ្ចប់ ទូរសព្ទ័ដៃ០៦គ្រឿង ម៉ូតូ០២គ្រឿង។
លុះដល់វេលាម៉ោង០៥៖៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ស្ថិតនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម បានសហការជាមួយអធិការដ្ឋានស្រុកពញាឮ បានបន្តឃាត់ជនសង្ស័យម្នាក់ទៀត ឈ្មោះ រស់ ឌីម៉ង មានទីលំនៅ ភូមិពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម តែស្នាក់នៅបណ្តោះអាសន្ននៅភ្នំពេញ។ ដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន០៣កញ្ចប់ (ធំ២កញ្ចប់ តូច១កញ្ចប់) ម៉ូតូ០១គ្រឿង ទូរស័ព្ទ០១គ្រឿង។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕