(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជ ន និងយុវនីតិសម្បទា បានប្រគល់ម៉ូតូចំនួន៥គ្រឿង ជូនមន្ត្រីមន្ទីរសង្គមកិច្ចចំនួន៥ រួមមាន ខេត្តសៀមរាប បាត់ដំបង រាជធានីភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ។ ម៉ូតូទាំងនេះ គឺជាជំនួយឧបត្ថម្ភរបស់ សមាគមសហប្រជាជាតិដើម្បីកុមារ ហៅកាត់ថា អង្គការយូនីសេហ្វ សម្រាប់យកទៅប្រើប្រាស់ ក្នុងការអនុវត្តលើគម្រោងវិស័យសុខុមាលភាពកុមារ តាមបណ្តាខេត្តគោលដៅ។

សមាគមសហប្រជាជាតិដើម្បីកុមារ (UNICEF) បានប្រគល់ម៉ូតូចំនួន៥គ្រឿង ជូនដល់មន្ត្រីមន្ទីរសង្គមកិច្ចគោលដៅទាំង៥ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការចូលរួមពីលោក នឹម ថូត រដ្ខលេខាធិការ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

ការផ្តល់ជូនម៉ូតូរបស់អង្គការយូនីសេហ្វ នាពេលនេះ គឺជាការសម្រួលការងាររបស់មន្ត្រីមន្ទីរសង្គមកិច្ចចំនួន៥ រួមមាន ខេត្តសៀមរាប បាត់ដំបង រាជធានីភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ ក្នុងការបំពេញការងារដែលជាគម្រោងជួយដល់វិស័យសុខុមាលភាពកុមារ តាមបណ្តាខេត្តគោលដៅ ឲ្យការងារកាន់តែរលូនទៅមុន និងការងារដល់គោលដៅបានលឿនជាងមុន។

តំណាងរដ្ឋមន្រ្តី វង សូត, លោក នឹម ថូត ក៏បានថ្លែងអំណរគុណ ដល់ អង្គការយូនីសេហ្វ ដែលជានិច្ចកាល បាន ជួយទ្រទ្រង់ដល់កម្ពុជា មិនថាតែសំភារៈ ថវិកា និង ធនធានមនុស្ស រួមទាំងការបណ្តុះបណ្តាលមនុស្ស លើវិស័យសង្គមកិច្ចនាពេលកន្លងមកផងដែរ។

អង្គការយូនីសេហ្វ គឺជាអង្គការអន្តរជាតិដ៏ធំមួយ ក្នុងចំណោមអង្គការដៃគូជាច្រើនទៀត ដែលបានប្រកាសជួយដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើវិស័យសង្គមកិច្ច ជាពិសេសលើការជួយដល់កុមារជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា៕