(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានណែនាំដល់រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រាជធានី-ខេត្ត ចំនួន៦ចំណុច ដើម្បីពង្រឹងការអនុវត្ត ច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពទប់ស្កាត់ លុបបំបាត់ បង្គ្រាប ស្តារ និងអភិវឌ្ឍព្រៃសហគមន៍ គម្របព្រៃឈើ សត្វព្រៃ និងជីវចម្រុះ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ដ្រី វេង សាខុន អញ្ជើញជាអធិបតីភាព បិទសិក្ខាសាលាស្តីពី «ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ» ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
សេចក្ដីណែនាំចំនួន៦ចំណុច ដែលលោករដ្ឋមន្ដ្រីកសិកម្ម ប្រាប់ទៅរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រាជធានី-ខេត្តរួមមាន៖
ទី១៖ អនុវត្តឲ្យបានម៉ឺងម៉ាត់ តាមខ្លឹមសារនៃសេចក្តីជូនដំណឹង លេខ១២២៩ សជណ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ និងសេចក្តីជូនដំណឹងលេខ ១៣៤៨ សជណ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
ទី២៖ តាមដាន ត្រួតពិនិត្យ វាយតម្លៃប្រកបដោយតម្លាភាព លើសម្បទានដីសេដ្ឋកិច្ចបានម៉ឺងម៉ាត់ កំណត់ព្រំប្រទល់ អនុវត្តតាមកិច្ចសន្យា និងផែនការមេឲ្យបានច្បាស់លាស់។
ទី៣៖ ត្រូវខិតខំបន្តត្រួតពិនិត្យ តាមដាន និងពង្រឹងការគ្រប់គ្រងសកម្មភាពឧស្សាហកម្មឈើ រោងចក្រ សិប្បកម្មកែច្នៃ និងអាជីវកម្មឈើឲ្យបានហ្មត់ចត់ ព្រមទាំងចាត់វិធានការទប់ស្កាត់ និងលុប បំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាត ដើម្បីលុបបំបាត់សកម្មភាពដឹកជញ្ជូនខុសច្បាប់ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ទី៤៖ បន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើទាំង៦១៤សហគមន៍ ឲ្យចូលរួមគ្រប់គ្រងថែរក្សាធនធានព្រៃឈើ។ បណ្តុះផ្នត់គំនិតបង្កើតមុខរបរថ្មីៗបន្ថែមទៀត ដើម្បីបង្កើនចំណូលតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម ការចិញ្ចឹមសត្វ កាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ។ ជាពិសេសជំរុញការផ្សព្វផ្សាយអប់រំ បណ្តុះបណ្តាល បំពាក់បំប៉នដល់សហគមន៍មូលដ្ឋានឲ្យយល់ដឹង ពីផលប្រយោជន៍ព្រៃឈើ។ ធ្វើការតាមដាន ត្រួតពិនិត្យការអនុវត្តផែនការគ្រប់គ្រង ព្រៃសហគមន៍ឲ្យបានល្អ ដើម្បីធានាការចូលរួមក្នុងកិច្ចការពារ និងអភិរក្ស។
ទី៥៖ បន្ដសហការឲ្យបានល្អ ជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រះរាជអាជ្ញា តុលាការគ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ដើម្បីឲ្យដំណើរការអនុវត្ដការងារទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពតាមស្មារតី នៃអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ និងសារាចរណែនាំលេខ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។
ទី៦៖ បន្ដផ្សព្វផ្សាយច្បាប់ស្ដីពីព្រៃឈើ បទប្បញ្ញត្ដិ បទបញ្ជា លិខិតបទដ្ឋានគតិយុត្តិ ជាពិសេសសរាចរលេខ ១៣៤៨ សជណ.កធ ចោះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២៣០១៩ ឲ្យបានជ្រួតជ្រាប ដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្ដទូទាំងប្រទេស។ ត្រូវបន្តប្រើប្រាស់កម្លាំងសរុប ចុះស្រាវជ្រាវ រុករក និងបង្រ្កាបបទល្មើសព្រៃឈើ និងការកាប់រាន ដុត ឈូសឆាយដីព្រៃឈើយកធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ដោយត្រូវសហការជាមួយគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធ អយ្យការ និងតុលាការតាមនីតិវិធីជាធរមាន៕