(កំពង់ចាម)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាព ពាក់ព័ន្ធនានា បានអញ្ជើញចុះពិនិត្យសកម្មភាព នៃការជួសជុល ស្ពានព្រែកអាចារ្យសួន ស្ថិតនៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមរបាយការណ៍របស់ លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីការរលំសសរ១ដើម នៃស្ពានខាងលើ ក្រុមជំនាញបច្ចេកទេស បានសម្រេចសាងសង់បន្ថែមប៉ាណូ ចំនួន២ជួរ កម្ពស់១ជាន់ទៀត លើប៉ាណូចាស់ដែលមានស្រាប់ ដើម្បីពង្រឹងស្ពានឲ្យចរាចរបណ្តោះអាសន្ន ក្នុងរដូវទឹកជំនន់នេះ ដោយប្រើដែកប៉ាណូ ចំនួន៣៦ផ្ទាំងត្រង់កន្លែងសសររលំនោះ។
លោកបន្ដថា បច្ចុប្បន្នមន្ត្រីជំនាញបញបច្ចេកទេស កំពុងរៀបចំប៉ាណូនោះឡើងវិញ ដែលសម្រេចប៉ាណូ បានចំនួន៤ផ្ទាំងហើយ។
គួរកត់សម្គាល់ថា ស្ពាន១កន្លែងនេះ ជាប្រភេទដែកបាឡេ បានកសាងឡើងនាឆ្នាំ១៩៩៣ បានទទួលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ដោយទឹកហូរធ្វើឲ្យរលំសសរ១ដើម ត្រង់ចំណុចកណ្ដាលស្ពាន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ។
ស្ពាននេះតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងជាស្ពានសម្រាប់ការចរាចររបស់ប្រជាពលរដ្ឋទូទៅ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះកាន់ស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះផងដែរ៕