(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានចុះអនុស្សារណៈជាមួយក្លឹបបាល់ទាត់នគរបាលជាតិលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីលានបាល់ទាត់នៃរោងចក្រផលិតភេសជ្ជៈកម្ពុជា (កូកា-កូឡា) ក្នុងគោលដៅ ក្លាយជាដៃគូយុទ្ធសាស្រ្ត ក្នុងការលើកស្ទួយវិស័យកីឡា ក៏ដូចជាគាំទ្រវិស័យកីឡាបាល់ទាត់លីគកំពូលកម្ពុជា។
ព្រឹត្តិការណ៍ចុះអនុស្សារណៈនេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានព្រមព្រៀងឧបត្ថម្ភធំនូវសម្ភារៈរួមមាន៖ ផ្គត់ផ្គង់ភេសជ្ជៈបង្កើនជាតិទឹកអាឃ្វ័ររៀស (Aquarius) ទឹកបរិសុទ្ធដាសានី Dasani និងសម្ភារៈកីឡាផ្សេងៗទៀតសម្រាប់ការប្រើប្រាស់ជាប្រចាំ ទៅដល់ក្លឹបបាល់ទាត់នគរបាលជាតិក្នុងរយៈពេល ១៦ខែ។
អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏ល្បីមួយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយជាពាណិជ្ជសញ្ញាដែល ឈានមុខគេ ចំណាត់ថ្នាក់លេខ ១ ផ្នែកភេសជ្ជៈបំពេញជាតិទឹក នៅក្នុងប្រទេសជប៉ុន។ រីឯនៅប្រទេសកម្ពុជាវិញ អាឃ្វ័ររៀស ត្រូវបានទទួលស្គាល់ថាជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និង លេចធ្លោ ក្នុងចំណោមប្រភេទ ផលិតផលដែលមានការប្រកួតប្រជែងខ្ពស់។
អាឃ្វ័ររៀស តែងតែយកចិត្តទុកដាក់ និងលើកស្ទួយដល់សកម្មភាពកីឡាស្ទើរគ្រប់ប្រភេទ ចាប់តាំងពីកីឡាកំរិតមូលដ្ឋាន ស្រុក-ខណ្ឌ ខេត្ត-រាជធានី រហូតដល់ថ្នាក់ជាតិ។
តួយ៉ាង អាឃ្វ័ររៀស បានឧបត្ថម្ភធំដល់កម្មវិធី «កីឡាសិស្សថ្នាក់ជាតិ» កាលពីខែមិថុនា ដែលនោះជាការប្រកួតប្រជែងថ្នាក់ជាតិលើកដំបូងសម្រាប់សិស្សកំរិត ចំណេះទូទៅ និងមានការចូលរួមពី កីឡាករ កីឡាការិនី ជាសិស្សានុសិស្សរហូតដល់ទៅជាង ៣,០០០នាក់ លើ១១វិញ្ញាសាផ្សេងៗគ្នា។
លើសពីនេះទៀត ថ្មីៗនេះ ក្រុមហ៊ុនរៀបចំការប្រកួតបាល់ទាត់មួយមានឈ្មោះថា “ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសខណ្ឌកំបូល” ដែលមានសមាសភាពចូលរួមពីយុវជនមកពីសង្កាត់ទាំង៧ក្នុង ខណ្ឌកំបូល។
ដោយឡែកការចុះអនុស្សារណៈជាមួយក្លឹបបាល់ទាត់នគរបាលជាតិនៅថ្ងៃនេះ គឺជាសញ្ញាណថ្មីមួយទៀត ដែលបង្ហាញថាអាឃ្វ័ររៀស មិនត្រឹមតែធ្វើការឧបត្ថម្ភដល់កម្មវិធីរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន បន្តគាំទ្រដល់កីឡាករក្នុងរយៈពេលច្រើនជាង១ឆ្នាំ ដើម្បីប្រាកដថាពួកគាត់ទទួលបានភេសជ្ជៈដែលមាន គុណភាពក៏ដូចជាសម្ពារៈកីឡាប្រើប្រាស់គ្រប់គ្រាន់នៅរៀងរាល់ការប្រកួត។
លោកមាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានថ្លែងថា «យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានក្លាយខ្លួនជាដៃគូសហការឧបត្ថម្ភដល់ក្លឹបបាល់ទាត់នគរបាលជាតិ ដែលជាក្លឹបអាជីពក្នុងលីគកំពូលកម្ពុជាមួយនេះ។ យើងសង្ឃឹមយ៉ាងមុតមាំថាកីឡាករទាំងអស់ នឹងយកអស់កម្លាំងកាយចិត្ត ធ្វើឱ្យបានល្អសម្រាប់ការប្រកួតនាពេលខាងមុខ ហើយរាល់ពេលដែលនឿយហត់ អាចចាប់យកអាឃ្វ័ររៀសត្រជាក់មកពិសាបានដើម្បីបំពេញជាតិទឹកដល់ រាងកាយវិញបានឆាប់រហ័ស»។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទិ្ធផ្តាច់មុខក្នុងការផលិត និងចែកចាយផលិតផលរបស់ ក្រុមហ៊ុនកូកា-កូឡានៅកម្ពុជា បាននិងកំពុងបន្តផ្តល់នូវជម្រើសភេសជ្ជៈច្រើនប្រភេទដែលមាន គុណភាពខ្ពស់ ជូនដល់អ្នកពិសា សមស្របទៅនឹងរសជាតិ របៀបរស់នៅ និង របបអាហារផ្សេងៗគ្នា។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកម្មវិធីចុះហត្ថលេខាបានចប់ជាស្ថាពរ ក៏មានការប្រកួតទាត់បាល់មិត្តភាពរវាងបុគ្គលិកកូកា-កូឡា ជាមួយនឹងក្រុមគ្រូបង្វឹកនៃក្លឹបបាល់ទាត់នគរបាលជាតិផងដែរ៕