(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ ប្រធានកិត្តិយអនុសាខា និងលោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មកាធិការសាខា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះវិសាលបញ្ញា សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់។
នេះជាលើកទី១ ដែលវត្តគោកបញ្ជាន់ ក្នុងឱកាសបរិច្ចាគ អំណោយសប្បុរសធម៌ជ្រង់ទ្រាយធំបែបនេះ ដល់កាកបាទក្រហម ដែលកន្លងមកវត្តមួយនេះធ្លាប់តែ ចែកអំណោយបន្តិចបន្តួច ដល់ជនក្រីក្រ ឬកុមាកំព្រាក្នុងមូលដ្ឋាន។
ព្រះវិសាលបញ្ញា សេង ថង បានមានថេរដីកាកោតសរសើរគាំទ្រ និងមានទឹកចិត្តសោមនស្សរីករាយ ក្នុងការចូលរួមចំណែក លើកកម្ពស់កម្លាំងមនុស្សធម៌ របស់កាកបាទក្រហមតែដោយទីអារាមនេះ មិនសូវសម្បូរធនធាន ពិសេសកំពុងដំណើរការសាងសង់ព្រះវិហារ និងសមិទ្ធផលមួយចំនួនទៀត ទើបបានជាការបរិច្ចាគអំណោយទាន មានភាពខ្សត់ខ្សោយ ជាងបណ្តាវត្តនានា។
ព្រះអង្គបញ្ជាក់ថា ប្រហែលជាក្រោយបុណ្យភ្ជុំ វត្តនឹងចាត់ចែងអំណោយមួយលើកទៀង ផ្តល់ជូនកាកបាទក្រហមជាបន្តទៀត ដើម្បីបានជាទុនជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងមូលដ្ឋាន។
ថ្លែងក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានថ្លែងអំណរព្រះគុណចំពោះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការទាំងអស់ ដែលបានមើលឃើញពីទង្វើល្អ របស់កាកបាទក្រហម និងបានបរិច្ចាគទេយ្យទានដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ពិតជាការជួយបន្ថែមទុនកាន់តែរឹងមាំ សម្រាប់កិច្ចការមនុស្សធ៌មជួយជនរងគ្រោះ។
ទាក់ទិននឹងបញ្ហាផ្សេង ដែលកើតមានក្នុងទីអារាមនាពេលកន្លងមក ក្នុងនាមគណៈអភិបាលខណ្ឌ និងក្នុងនាមប្រធានកិត្តោយសអនុសាខា លោក ហែម ដារិទ្ធ និងនៅបន្តគាំទ្រ គ្រប់ទង្វើទាំងឡាយដែលព្រះអង្គបាន និងកំពុងធ្វើក្នុងវិស័យពុទ្ធចក្រ សម្រាប់ទីអារាម និងសម្រាប់សាសនា ចំណែកផ្នែកខាងអាណាចក្រ គឺជាសមត្ថកិច្ចរបស់លោក សូមឲ្យព្រះអង្គគង់ឲ្យបានស្ងប់ និងបន្តកិច្ចការកសាងសមិទ្ធផលនានាក្នុងទីអារាមជាបន្ត តាមលទ្ធភាព និងសមត្ថភាព។
ទេយ្យទានដែលសាខាបានទទួលរួមមាន៖ អង្ករ២តោន, បាឡុង២០, ទឹកស៊ីអ៊ីវ៣៨យួរ, ទឹកត្រី៤០យួរ, មី៦០កេស, ទឹកសុទ្ធ៣០កេស និងបច្ច័យ២០លានរៀល (សរុបបច្ច័យ និងសម្ភាររួមទាំងអស់ ២ជាង៤០លានរៀល)៕