(កំពត)៖ មន្ដ្រីនគរបាលចំនួន៤៤៦នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវបានប្រកាសតែងតាំង ផ្ទេរភារកិច្ច និងបំពាក់ឋានន្ដរស័ក្ដិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត និងមានការចូលរួមពីគណៈស្នងការ និងមន្ដ្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ បានជំរុញឲ្យមន្ដ្រីនគរបាលទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារ ត្រូវទទួលខុសត្រូវសម្រាប់ការអនុវត្តតាមតួនាទី និងភារកិច្ច ត្រូវចេះស្មោះត្រង់ចំពោះប្រជាពលរដ្ឋ និងឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការផ្ដាំផ្ញើជូនមន្រ្តីបន្តវេន ខិតខំពង្រឹង និងបន្ត អនុវត្តយ៉ាងមឹងម៉ាត់ចំពោះវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ បង្កើនសមត្ថភាពថ្មីៗ ដើម្បីបំពេញការងារក្នុងអង្គភាពឲ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕