(ភ្នំពេញ)៖ Maine Central Institute និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការកម្មវិធីសិក្សា តាមរយៈកិច្ចសហការនេះ សិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានឱកាសទទួលបានសញ្ញាបត្រ បាក់ឌុបអន្តរជាតិ២ក្នុងពេលតែមួយ។

សញ្ញាបត្រ បាក់ឌុបអន្តរជាតិទាំង២នេះរួមមាន៖ សញ្ញាបត្របាក់ឌុបសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលទទួលស្គាល់ដោយគណកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ដែលហៅកាត់ថា WASC និងសញ្ញាបត្របាក់ឌុបដែលចេញដោយសាលា នៅសហរដ្ឋអាមេរិក។

កិច្ចសហការកម្រិតអន្តរជាតិ ផ្នែកកម្មវិធីសិក្សាដែលផ្តល់ជូន សញ្ញាបត្រ២ក្នុងពេលតែមួយ ថ្នាក់មធ្យមសិក្សាទុតិយភូមិ ធ្វើឲ្យសាលាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាសាលាអន្តរ ជាតិចំណេះទូទៅ ទីមួយដែលផ្តល់ជូនកម្មវិធីសិក្សាបែបនេះ ហើយជាឱកាសសម្រាប់សិស្សានុសិស្ស ក្នុងការប្រកួតប្រជែងដាក់ពាក្យចូលសិក្សា នៅសាកលវិទ្យាល័យធំៗ នាំមុខគេនៅសហរដ្ឋអាមេរិក។

តាមរយៈកិច្ចសហការនេះ សិស្សានុសិស្សនឹងទទួលបានលិខិត ទទួលឲ្យចូលរៀននៅសាកល វិទ្យាល័យនាំមុខគេនៅសហរដ្ឋអាមេរិក ដែលជាធម្មតាការដាក់ពាក្យ ដើម្បីទទួលបានលិខិត នេះគឺជាដំណើរការដែលមានលក្ខណៈពិបាក។ សាកលវិទ្យាល័យទាំងនោះរួមមាន៖ Adelphi University, Auburn University, Florida International University, Louisiana State University, University of Dayton, University of Central Florida, University of Illinois,Chicago, The University of Kansas, University of South Carolina, University of the Pacific, University of Maine, and Husson University។

លោក ហ្វីលីប ម៉ាស្កុត នាយកទទួលបន្ទុកកម្មវិធីសិក្សាអន្តរជាតិនៃ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានឲ្យដឹងថា៖ «នាយកសាលាMaine Central Institute គឺលោក Christopher McDonald និងខ្លួនខ្ញុំផ្ទាល់មាន ចក្ខុវិស័យរួមគ្នាគឺអប់រំសិស្សានុសិស្សឲ្យមានសមត្ថភាព និងភាពជាពលរដ្ឋសកល ព្រមទាំងភាពជឿជាក់ថាប្រសិន បើសិស្សានុសិស្សផ្តល់ សិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ដោយមានការផ្តល់ប្រឹក្សាពី អ្នកដែលមានសមត្ថភាព ពួកគេនឹងទទួលបានជោគជ័យ»

លោកបន្ដទៀតថា ទស្សនស្របគ្នានេះបានត្រួសត្រាយផ្លូវ រហូតដល់មានការព្រមព្រៀង ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ ដើម្បីផ្តល់ឱកាសកាន់តែច្រើន ថែមទៀតដល់សិស្សានុសិស្ស ក្នុងការចូលរៀននៅសាកលវិទ្យាល័យធំៗ នាំមុខគេនៅសហរដ្ឋអាមេរិក៕