(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក Gerry McGowan មន្រ្តីទំនាក់ទំនងភ្នាក់ងារឧក្រិដ្ឋកម្ម National Crime Agency (NCA) ចប់អាណត្តិ ចូលជួបជម្រាបលា និងណែនាំលោក Peter Vernon មន្រ្តីទំនាក់ទំនងភ្នាក់ងារឧក្រិដ្ឋកម្ម NCA ថ្មី ចូលជួបសម្តែងការគួរសម នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា ឆ្លងតាមការធ្វើកិច្ចសហការកន្លងមករវាងស្ថាប័ន NCA និងអគ្គស្នងការដ្ឋាននគរបាលជាតិ ភាគីទាំងបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តការបានយ៉ាងល្អប្រសើរ ក្នុងការប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចសហប្រតិបត្តិការ ប្រឆាំងការជូញដូរកុមារ និងអនីតិជន។

ជាក់ស្តែងនៅពេលថ្មីៗនេះ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចាប់ខ្លួន ក៏ដូចជាបង្ក្រាបនូវជនល្មើសរំលោភផ្លូវភេទ លើកុមារតាមសំណើររបស់ NCA ផងដែរ។

នៅក្នុងជំនួបពិភាក្សានេះផងដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានលើកទឹកចិត្តឲ្យ NCA បន្តជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាល ជាពិសេសពាក់ព័ន្ធទៅនឹងជំនាញប្រឆាំងការជូញដូរមនុស្ស។

ជាការឆ្លើយតប ភាគី NCA បានប្តេជ្ញាថា នឹងជួយកម្ពុជាទៅលើវិស័យនេះ និងសន្យាផ្តល់ព័ត៌មាននានា ពាក់ព័ន្ធនឹងបទល្មើសលើកុមារមក អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាមូលដ្ឋានក្នុងការស៊ើបអង្កេតសហការធ្វើយ៉ាងណា ការពារកុមារនៅក្នុងប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា ស្ថាប័ន NCA និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះអនុស្សារណៈ នៃការយោគយល់គ្នា MOU ដែលបានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងស្ថាប័នទាំងពីរផងដែរ៕