(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំលើកទី៤របស់ខ្លួន ដើម្បីចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ ក្រោយពីភាគីកម្មករនិយោជិត និងភាគីនិយោជកបានប្រជុំពិភាក្សាផ្ទៃក្នុងរបស់ខ្លួនចំនួន៣ដងកន្លងមក។

តាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ភាគីកម្មករនិយោជិតបានបន្ថយការស្នើទាមទារប្រាក់ឈ្នួលពីតួលេខ១៩៩ដុល្លារអាមេរិក មកត្រឹម ១៩៧ដុល្លារអាមេរិកក្នុង១ខែ ចំណែកខាងភាគីនិយោជកបានសុំដំឡើងពីតួលេខ ១៨៤ដុល្លារអាមេរិក ទៅ១៨៤,៥ ដុល្លារអាមេរិកវិញផងដែរ។

ជារួមការចរចាប្រាក់ឈ្នួល នៅថ្ងៃទី១២ ខែកញ្ញានេះ ភាគីសហជីពទម្លាក់ការទាមទាររបស់ខ្លួន រហូតដល់២ដុល្លារ ចំណែកឯខាងនិយោជក ដំឡើងលើតួលេខដែលបានដាក់ស្នើកន្លងមក ត្រឹមតែ ០,៥ដុល្លារប៉ុណ្ណោះ ខណៈដែលតួលេខនេះ នៅមានគម្លាតឆ្ងាយនៅឡើយ។

ទោះជាយ៉ាងនេះក្តី ការបើកកិច្ចប្រជុំចុងក្រោយ នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ នឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០១៩ ហើយកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បរមា នឹងចាប់ផ្តើមអនវុត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។ នេះបើតាមការប្រកាសរបស់ក្រសួងការងារកន្លងមក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បរមា ដល់កម្មករនិយោជិក ក្នុងវិស័យកាត់ដេរ ជារៀងរាល់ឆ្នាំមិនដែលខាន ចាប់តាំងពីឆ្នាំ២០១៣ រហូតមក។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងឆ្នាំ២០១៩នេះ បានកើនដល់ ១៨២ដុល្លារ នៅក្នុងមួយខែ ដែលឆ្នាំ២០២០ ខាងមុខនេះ អាចនឹងកើនឡើងមួយចំនួនថែមទៀត៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖