(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់គណៈកម្មការរៀបចំការបោះឆ្នោតមជ្ឈិមនៃសហព័ន្ធរុស្សី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានចាត់បញ្ជូនលោក ហង្ស ពុទ្ធាសមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប និងលោក តុប ឬទ្ធី ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោត» ដែលមានការចូលរួមពីស្ថាប័នរៀបចំការបោះឆ្នោតចំនួនជាង ៣០ប្រទេស។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ថ្លែងក្នុងអង្គសន្និសីទអន្តរជាតិនោះ លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា «កម្ពុជាបានដំណើរការចុះឈ្មោះអ្នកបោះឆ្នោត និងរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ និងបានប្រើប្រាស់ប្រព័ន្ធកុំព្យទ័រក្នុងការកត់ត្រាការរាប់សន្លឹកឆ្នោត និងបញ្ជូនលទ្ធផលនៃការរាប់សន្លឹកឆ្នោតតាមការិយាល័យមកមជ្ឈមណ្ឌលកណ្តាលនៃទីស្តីការ គ.ជ.ប ដើម្បីធ្វើការបូកសរុប និងប្រកាសលទ្ធផល»។
គ.ជ.ប គ្រោងនឹងធ្វើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមប្រព័ន្ធកុំព្យូទ័រសម្រាប់ការបោះឆ្នោតនាពេលក្រោយទៀត។
គ.ជ.ប មានទស្សនវិស័យទទួលយក និងប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោតដោយសិក្សាបទពិសោធន៍ និងការអនុវត្តពីបណ្តាប្រទេសឈានមុខលើដំណើរការបោះឆ្នោត តាមប្រព័ន្ធឌីជីថលក្នុងការបោះឆ្នោត។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងរបស់ គ.ជ.ប ខាងក្រោមនេះ៖