(រតនគិរី)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយកអំណោយមនុស្សធម៌មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់ ស្ថិតនៅឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។
លោក ខាន់ ខុន ជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាក់ស្តែង គ្រួសារក្រីក្រ និងជនរងគ្រោះដោយទឹកជំនន់នាពេលនេះ ទទួលបានអំណោយមនុស្សធម៌របស់សមាគមនបេសកកម្មដំណឹងល្អ ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈ ទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែន។
លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ជៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដែលបានចែកជូនគ្រាប់ពូជ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
លោកបានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍។
ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់លោក ខាន់ ខុន និងសប្បុរសជនដែលបានយកចិត្តទុកដាក់ជួយពួកគាត់។ តាមការបញ្ជាក់របស់សហការី អំណោយដែលបានចែកជូនទាំង១០០គ្រួសារនោះ ទទួលបានអង្ករចំនួន ៣០គីឡូក្រាម ធុងទឹកចម្រោះមួយ មីយើងមួយកេះ ត្រីខមួយយួរ ភួយមួយ ស្ករស អំបិល និងគ្រាប់ពូជបន្លែផងដែរ៕