(ភ្នំពេញ)៖ តំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបង្ហាញសុទិដ្ឋិនិយមនៅចំពោះមុខថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជាយ៉ាងដូច្នេះថា នៅពេលមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងធំៗមួយចំនួនរបស់ជប៉ុនមកកាន់សៀមរាប-អង្គរ នាចុងឆ្នាំ២០១៩ ភ្ញៀវទេសចរជប៉ុន ព្រមទាំងភ្ញៀវទេសចរមកពីប្រទេសទី៣ នឹងមានការកើនឡើងកាន់តែច្រើននៅកម្ពុជា ដូច្នេះហើយកម្ពុជាត្រូវពង្រីក និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍បានច្រើនបន្ថែមទៀត។

ទន្ទឹមនឹងការជឿជាក់យ៉ាងដូច្នេះ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក៏បានប្ដេជ្ញាជួយភាគីកម្ពុជាបង្កើនការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ភាសាជប៉ុនឱ្យបានច្រើនបន្ថែមទៀតផងដែរ ដើម្បីត្រៀមទទួលកំណើនទេសចរជប៉ុននាពេលខាងមុខ។

ជាក់ស្ដែង នាថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រួមជាមួយក្រសួងទេសចរណ៍កម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញភាសាជប៉ុនដល់អ្នកជំនាញទេសចរណ៍ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់កញ្ញា Mizuho Kanda ប្រធានផ្នែកទទួលបន្ទុកទេសចរណ៍ និងជាតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សាស្រ្តាចារ្យនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនយ៉ាម៉ាម៉ូតុ មន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាដែលនិយាយភាសាជប៉ុន សរុបប្រមាណ ១១៦នាក់។

ក្នុងពិធីបើកសិក្ខាសាលានេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ប៉ាក់ សុខុម បានបន្តថា សិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងចំពេលវេលា និងស្របតាមសំណូមពររបស់អ្នកជំនាញទេសចរណ៍ នៅក្នុងការចូលរួមកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម ជាពិសេសលើកកម្ពស់សមត្ថភាពជំនាញភាសាជប៉ុន ឱ្យកាន់តែមានលក្ខណៈស្ទាត់ជំនាញ ក្នុងការចូលរួមផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងពេញចិត្តពីសំណាក់ភ្ញៀវទេសចរ ជាពិសេសទេសចរជប៉ុន ដែលបាននិងកំពុងមានការកើនឡើងជាលំដាប់ ក្នុងការមកទស្សនានៅកម្ពុជា។

តបតាមសំណើរបស់លោករដ្ឋលេខាធិការ ភាគីជប៉ុនបានយល់ព្រមបន្តសហការ និងគាំទ្រដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីអភិវឌ្ឍសមត្ថភាពកាន់តែមានភាពជំនាញ ក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជា ដែលមានការកើនឡើងជាលំដាប់ ជាពិសេសដើម្បីត្រៀមទទួលភ្ញៀវទេសចរជប៉ុន នៅពេលមានការបើកការហោះហើរដោយផ្ទាល់ ពីប្រទេសជប៉ុនមកកាន់ខេត្តសៀមរាប នាចុងឆ្នាំ២០១៩ ខាងមុខនេះ។

គួរកត់សម្គាល់ថា សម្រាប់រយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣.៨លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយក្នុងនោះកម្ពុជាបានទទួលទេសចរជនជាតិជប៉ុនចំនួន ១១៣,១៥៩នាក់ កើនឡើងប្រមាណ ២.៦%។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ជិត ១លាននាក់៕