(ភ្នំពេញ)៖ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមទាំងគណៈបញ្ជាការឯកភាពសង្កាត់ ត្រូវតែចុះបង្ក្រាបជាដាច់ខាតចំពោះល្បែងស៊ីសងគ្រប់ប្រភេទ មិនថា ទីតាំងណេត និងហ្គេមបាញ់ត្រី និងកន្លែងជល់មាន់នៅក្នុងមូលដ្ឋានខណ្ឌ ស្របតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។
ការជំរុញឲ្យអាជ្ញាធរចុះបង្ក្រាបបទល្មើសនេះធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យអាណត្តិទី៣ ក្រោមអធិបតីភាពលោក អែម សុខលាង សមាជិកក្រុមប្រឹក្សាខណ្ឌ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោកបន្ថែមឲ្យដឹងថា ក្នុងរយៈពេលមួយខែ ចាប់ពីពេលនេះទៅត្រូវតែលុបបំបាត់ឲ្យអស់មិនថា ហ្គេមអនឡាញ ណេតកំសាន្ត ហ្គេមបាញ់ត្រីរាប់ទាំងនៅក្នុងទីតាំងផ្សារទំនើប ព្រមទាំងល្បែងជល់មាន់ផងដែរ។
លោកអភិបាលខណ្ឌមានជ័យ សង្កត់ធ្ងន់ថា ភារកិច្ចដែលបានដាក់ជូននៅពេលនេះត្រូវតែអនុវត្តឲ្យបានជាដាច់ខាត មិនថាអភិបាលរងដែលទទួលបន្ទុក អធិការ នគរបាល មេប៉ុស្តរដ្ឋបាលត្រូវតែធ្វើការបង្ក្រាបចាប់ពីពេលនេះតទៅ។
ក្នុងវេទិកាសាធារណៈដែលមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានលើកយកបញ្ហាចំនួនប្រាំមួយដើម្បីដាក់ឲ្យអាជ្ញាធរ ពាក់ព័ន្ធរួមគ្នាដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលបញ្ហា ទាំងនោះរួមមាន៖ ទី១បញ្ហាគ្រឿងញៀន ទី២ បញ្ហាល្បែងស៊ីសង ទី៣ បញ្ហាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ទី៤ បញ្ហាពាក្យបណ្តឹង ទី៥ បញ្ហាអគ្គីភ័យ និងទី៦ ពាក់ព័ន្ធនិងបញ្ហាសំរាម ដែលត្រូវរួមគ្នាដោះស្រាយ រួមគ្នាលុបបំបាត់ រួមគ្នាផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព៕