(ភ្នំពេញ)៖ លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានណែនាំដល់មន្ត្រីរដ្ឋបាលព្រៃឈើទាំងអស់ ត្រូវបន្តការងារបង្ក្រាបបទល្មើសព្រៃឈើ ទាំងក្នុងតំបន់ការពារធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើយ៉ាងណាអនុវត្តឱ្យបាននូវបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកន្លងមកនេះ។

ការណែនាំបែបនេះ របស់លោកបណ្ឌិត កែវ អូម៉ាលីស្ស បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបណ្ឌិត បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ» នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាយខណ្ឌ នាយផ្នែក នាយសង្កាត់រដ្ឋបាលព្រៃឈើទូទាំងប្រទេស សរុបចំនួន៤០០នាក់។

គោលបំណងសិក្ខាសាលានេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនការយល់ដឹងពីច្បាប់ និងឯកសារគតិយុត្តិក្នុងទិសដៅគាំទ្រដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា លើការការពារព្រៃឈើ។

នៅក្នុងឱកាសនេះដែរ ប្រតិភូប្រធានរដ្ឋបាលព្រៃឈើ បានណែនាំដល់អង្គសិក្ខាសាលាយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីព្រៃឈើជាតិ (២០១០-២០២៩) ពិសេសការស្តារព្រៃឈើ និងដាំឈើលក្ខណៈឧស្សាហកម្មដើម្បីតម្រូវការឈើក្នុងស្រុកដែលកំពុងខ្វះខាតច្រើន និងបន្តបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ ដោយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងគណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។

ទន្ទឹមនឹងនេះ ប្រធានរដ្ឋបាលព្រៃឈើ បានជំរុញបន្ថែមដល់មន្រ្តីរដ្ឋបាលព្រៃឈើ អនុវត្តការងារស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ក្រាបទាំងក្នុងដែនខ្លួនគ្រប់គ្រង និងក្នុងតំបន់ការពារធម្មជាតិដែលកំពុង រងការកាប់ឈើ ល្មើសច្បាបស្ទើរគ្រប់តំបន់ ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់៕