(ត្បូងឃ្មុំ)៖ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តត្បូងឃ្មុំ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត និងតំណាងអង្គការ សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។ វេទិកាសន្ទនានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តត្បូងឃ្មុំបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់ សំដៅឈានទៅបង្កើតភាពជាដៃគូសហការជាមួយភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ដោយជោគជ័យនៅឆ្នាំ២០៣០។
លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានលើកទឹកចិត្តឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តសម្របសម្រួលនិងផ្តល់កិច្ចសហការដល់អង្គការសង្គមស៊ីវិល និងត្រូវសហការធ្វើឱ្យមានសង្គតិភាពផែនការការងាររបស់អង្គការសង្គមស៊ីវិល ឱ្យស្របតាមផែនការអភិវឌ្ឍន៍និងវិនិយោគថ្នាក់មូលដ្ឋាន ដើម្បីធ្វើឱ្យមានភាពប្រទាក់ក្រឡាគ្នានិងអាចអនុវត្តដោយមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន សំដៅចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ លោកបានបន្ថែមថា វាជាការចាំបាច់ណាស់ដែលអង្គការសង្គមស៊ីវិលនិងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធក្នុងភាពដៃគូដោយឆន្ទៈស្មោះត្រង់ និងត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិល ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកបានបញ្ជាក់ថា សមិទ្ធផលដែលអង្គការសង្គមស៊ីវិលបានសម្រេចនាពេលកន្លងមក គឺជាគុណតម្លៃរួមដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល ដោយសារតែរាជរដ្ឋាភិបាលតែងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យមានសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាផ្តល់នូវការសម្របសម្រួលនិងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដែលអំណោយផលដល់ការអនុវត្តការងាររបស់អង្គការសង្គមស៊ីវិលនៅទូទាំងប្រទេស។ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តអនុវត្តការងាររបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងស្របតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន ព្រមទាំងត្រូវធ្វើការចុះបញ្ជីនៅក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមនីតិវិធី ក៏ដូចជាការចុះបញ្ជីពន្ធដារ ដើម្បីអាចទទួលបាននូវការការពារដោយច្បាប់និងការអនុគ្រោះពន្ធផ្សេងៗ។
នៅក្នុងអង្គវេទិកាសន្ទនាកាលពីព្រឹកមិញនេះ អង្គការសង្គមស៊ីវិលក៏បានលើកយកនូវបញ្ហាប្រឈមនិងសំណូមពរមួយចំនួន មកពិភាក្សាពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មកជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា។ ជាមួយគ្នានេះដែរ អង្គវេទិកាបានវាយតម្លៃជាវិជ្ជមានចំពោះទំនាក់ទំនងរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិល ដែលមានភាពកាន់តែជិតស្និទ្ធនិងល្អប្រសើរឡើង។