(ភ្នំពេញ)៖ ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវទុក្ខដ៏ក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតដែលឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ ថងសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អតីតអ្នកតំណាងរាស្ត្រ និងអតីតប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១និង២០នាទីយប់ ក្នុងជន្មាយុ៨២ ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមលិខិតចូលរួមរំលែកទុក្ខរបស់គណបក្សប្រជាជនកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
លិខិតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «ជាមួយការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានចំពោះមរណភាពនេះ គណបក្សប្រជាជនកម្ពុជា សូមចារឹកទុកនូវរាល់ស្នាដៃ ឧត្តមគតិ គំរូវីរភាព និងគុណបំណាច់យ៉ាងធំធេង របស់ឯកឧត្តមនាយ ឧត្តមសេនីយ៍ ប៊ូ ថង ដែលជាកុលបុត្រដ៏ប្រពៃ និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងគណបក្សប្រជាជនកម្ពុជា»។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខដ៏សោក សង្រេងបំផុតជាមួយលោកជំទាវ ខាំ ភៀន និងក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះជាលិខិតរំលែកទុក្ខរបស់គណបក្សប្រជាជនកម្ពុជា៖