(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅរសៀថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះចែកប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី ជូនប្រជាពលរដ្ឋចំនួន២ភូមិ មាន៦១គ្រួសារ ( ភូមិដំបូកខ្ពស់៣១គ្រួសារ និងភូមិទួលល្វៀង៣០គ្រួសារ ) រស់នៅភូមិដំបូកខ្ពស់ និងភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរជំនាញ គណៈអភិបាលស្រុកសង្កែ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋទាំង២ភូមិផងដែរ។
លោក ងួន រតនៈ បានថ្លែងថា ករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជិត១៥ឆ្នាំ នៅស្រុកសង្កែកន្លងមកនោះ ត្រូវបានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីជំនាញ ពិសេសរដ្ឋបាលខេត្ត បានខិតខំធ្វើការដោះស្រាយបញ្ចប់រាល់ទំនាស់ទាំងនោះ ដោយមានការយោគយល់គ្នា មានការសម្បទានគ្នា ទៅវិញទៅមកប្រកបដោយជោគជ័យ ឈានដល់ធ្វើការប័ណ្ណ កម្មសិទ្ធជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ និងបន្តធ្វើការដោះស្រាយបញ្ចប់ទំនាស់ នៅតាមបណ្តាស្រុកនានាបន្ថែមទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទោះជាទំនាស់ដីធ្លីនៅកន្លែងមួយចំនួន នៅតាមស្រុកនានាបានកើតមានឡើង គឺជារឿងដាច់ដោយឡែក ឬខុសៗពីគ្នាក៏ដោយ តែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្រ្តីជំនាញពាក់ព័ន្ធតែងតែបានសហការគ្នា រកវិធីក្នុងការដោះស្រាយរាល់ទំនាស់ដីធ្លី ដើម្បីបញ្ចប់កង្វល់ និងបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានទទួលប័ណ្ណកម្មសិទ្ធិទាំងអស់គ្នា។ ក្នុងនោះដែរមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នឹងធ្វើផ្លូវកៅស៊ូ១ខ្សែប្រវែង១៤គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋដោយឆ្លងកាត់៤ភូមិ ទៅទល់នឹងផ្លូវជាតិលេខ៥ នៅក្នុងគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២០ផងដែរ។
ប្រជាពលរដ្ឋដែលបានទទួលប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី ទាំងអស់បានអបអរសាទរសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ដល់លោកអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធដែលបានខិតខំ ជួយប្រជាពលរដ្ឋរហូតមក ឈានដល់សម្រេចបានជោគជ័យ និងចែកប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះផងដែរ។
សូមបញ្ជាក់ថា ករណីទីតាំងដីទំនាស់ទាំង២ភូមិនេះកន្លងមក ដោយសារតែពាក់ព័ន្ធដីចំណីផ្លូវខេត្តរបស់រដ្ឋ គឺនៅតាមបណ្តោយផ្លូវម្ខាងមានទំហំ២០ម៉ែត្រ ហើយពេល
នោះប្រជាពលរដ្ឋមិនព្រមសម្បទានឲ្យ ទើបធ្វើឲ្យមានការអាក់ខាន ដោយរងចាំធ្វើការដោះស្រាយតាមច្បាប់៕