(ពោធិ៍សាត់)៖ ដើម្បីពង្រឹងកិច្ចការការពារសុខុមាលភាពប្រជាពលរដ្ឋ នៅថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បាននាំយករថយន្ត ពិសោធន៍ចល័ត ចុះធ្វើការត្រួតពិនិត្យផលិតផលចំណីអាហារ បន្លែ ផ្លែឈើ នៅផ្សារណាត់បន្លែសុវត្ថិភាព និងផ្សារធំថ្មី ក្នុងខេត្តពោធិ៍សាត់។
លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារបានយកគំរូ ផលិតផលចំនួន ៤៥គំរូមកវិភាគនោះ។
លោកបានបន្តថា «កិច្ចការងារចុះអង្កេត និងត្រួតពិនិត្យនៅក្នុងទីផ្សារណាត់បន្លែសុវត្ថិភាព និងផ្សារធំថ្មី ក្នុងខេត្តពោធិ៍សាត់នេះ ជាលទ្ធផលរបស់រថយន្តមន្ទីរពិសោធន៍ចល័ត គឺរកមិនឃើញសារធាតុគីមីហាមឃាត់ឡើយ»។
មន្រ្តីកាំកុងត្រូល បានពន្យល់ណែនាំដល់អាជីវករឲ្យធ្វើការដាក់តាំងលក់ផលិតផលបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ចៀសវាងការលាយដាក់ សារធាតុគីមី ហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់ បន្តត្រូវស្គាល់ប្រភពអោយច្បាស់ ទាំងឈ្មោះ អាស័យដ្ឋានចែកចាយ ផលិត វិក័យបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ(កាលបរិច្ឆេទ)ផុតកំណត់៕