(ភ្នំពេញ)៖ ប្រធានស្តីទីព្រឹទ្ធសភា លោក ស៊ឹម កា ក្នុងនាមជាសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានផ្ញើសារចូលរួមរំលែកទុក្ខជូន លោកស្រី ខាំ ភៀន ភរិយារបស់ព្រឹទ្ធាចារ្យ ប៊ូ ថង និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតរបស់ប្រធានស្តីទីព្រឹទ្ធសភា បានចាត់ទុកថា មរណភាពរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង គឺជាការបាត់បង់នូវស្វាមី បិតា មាតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏សំខាន់មួយរូប ដែលបានបូជាកន្លាំងកាយ កម្លាំងចិត្ត ស្មារតី និងហ៊ានបូជាជីវិតក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ប្រជាជ នចេញពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមយ៉ាងសកម្មនៅក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
លោក ស៊ឹម កា បានមានប្រសាសន៍នៅក្នុងសារចូលរួមរំលែកទុក្ខថា «យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកស្តាយអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមលើកហត្ថបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដល់ វិញ្ញាណក្ខន្ធ ឯកឧត្តម ប៊ូ ថង សូមបានទៅកាន់សុខក្នុងគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕