(ពោធិ៍សាត់)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ថា Wildlife Alliance សហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស, កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកវាលវែង និងក្រុមឧទ្យាននុរក្ស នៃដែនជម្រកសត្វព្រៃភ្នំសំកុស បានចុះបង្ក្រាបអាហារដ្ឋានបង្កប់លក់សាច់សត្វព្រៃ ២កន្លែងផ្សេងគ្នា ឃាត់ខ្លួនម្ចាស់ហាង២នាក់ និងដកហូតបានសាច់សត្វព្រៃចម្រុះ ជាង១៧២គីឡូក្រាម។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ត្រង់ចំណុចអាហារដ្ឋាន កាង ហេវ (ម្ចាស់ហាងឈ្មោះ យាយហេវ) និងអាហារដ្ឋានស្រីឡា (ម្ចាស់ហាងឈ្មោះ កាង ឡា) ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរសេនីយត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការឆ្មក់ចូលឆែកឆេរ និងរុករកវត្ថុតាងសាច់សត្វព្រៃ ទីតាំងទាំង២ផ្សេងគ្នាខាងលើនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង បានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន លោកស្រី កាង ហេវ (យាយហេវ) ជាម្ចាស់អាហារដ្ឋានកាងហេវ និងលោកស្រី កាង ឡា ជាម្ចាស់អាហារដ្ឋានស្រីឡា ដោយរកឃើញវត្ថុតាងសាច់សត្វព្រៃចម្រុះ ប្រមាណជាង១៧២គីឡូក្រាម រួមមាន៖ សាច់កាំប្រម៉ា ៥៧គីឡូក្រាម, សាច់ជ្រូកព្រៃ ៦៨គីឡូក្រាម, សាច់ឈ្លូស ២៨គីឡូក្រាម, សាច់តេស ៩គីឡូក្រាម, សាច់កន្ទាយ ៨គីឡូក្រាម និងសាច់ត្រកួត ២,៥គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនដល់ស្នាក់ការ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ថា Wildlife Alliance ដើម្បីបន្តនីតិវិធីតាមការតាមច្បាប់៕