(កំពង់ធំ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ និងរដូវកាន់បិណ្ឌ បុណ្យភ្ជុំ ដូចមកដល់ផងនោះ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភាព ប្រធានសាខា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារក្រយ៉ូវ ភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន១១មុខ។
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ ដែលកំពុងដាក់តាំងលក់ នៅផ្សារក្រយ៉ូវ ភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខាងលើ រួចមកក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណចំនួន១១មុខ រួមមានទី១៖ មីម៉ាម៉ា ចំនួន១៣កញ្ចប់ ផលិតនៅថៃ , ទី២៖ ទឹកផ្លែឈើ ចំណុះ៣៣០ml ចំនួន៣១កំប៉ុង , ទី៣៖ ប័រ ចំនួន១៧កំប៉ុង , ទី៤៖ ទឹកផ្លែឈើ ម៉ាក Honey Lemon ចំណុះ៣៣០ចំនួន ៧កំប៉ុង , ទី៥៖ ទឹកផ្លែឈើ ម៉ាក1-2Drink ចំណុះ៣០០ml ចំនួន៥កំប៉ុង, ទី៦៖ ទឹកបន្ទាលកន្ទុយក្រពើ ចំណុះ៣៥០ml ចំនួន១១កំប៉ុង, ទី៧៖ ទឹកស្លឹកគ្រៃ ចំនួន៤ដប, ទី៨៖ ទឹកម្ជូរព្រឹក ចំនួន ៨ដប, ទី៩៖ ភេសជ្ជៈប៉ូវកម្លាំង ម៉ាក Cobra Gold ចំនួន១០ដប ទី១០៖ ទឹកផ្លែ ឈើចម្រុះ ចំនួន២១កំប៉ុង និងទី១១៖ ទឹកចាហួយ ចំណុះ៣៥០ml ចំនួន៥ដប។ ក្រុមការងារបានធ្វើកំណត់ ដកហូតទុកដុតកម្ទេចចោលនាពេលខាងមុខ។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕