(រុស្ស៊ី)៖ នៅក្នុងសន្និបាតលើកទី២៣ របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានឱ្យដឹងថា រយៈពេល ៦ខែ ដើមឆ្នាំ២០១៩នេះ ពិភពលោកទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ ៦៧១លាននាក់ កើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ នេះបើតាមប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដែលបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាឱកាសចូលរួមក្នុងសន្និបាតខាងលើនេះ។
សន្និបាតលើកទី២៣ របស់អង្គការទេសចរណ៍ពិភពលោក ត្រូវបានប្រារព្ធឡើងនៅទីក្រុងសេនភីតធឺរស្បឺក (Saint Petersburg) ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី០៩-១៣ ខែកញ្ញា ឆ្នាំ២០១៩។ ប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដែលចូលរួមក្នុងសន្និបាតលើកទី២៣ របស់អង្គការទេសចរណ៍ពិភពលោកខាងលើនេះ ត្រូវបានដឹកនាំដោយលោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍។
ថ្លែងពីទីក្រុងសេនភីតធឺរស្បឺក លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានលើកឡើងថា នៅក្នុងសន្និបាតលើកទី២៣នេះ អង្គការទេសចរណ៍ពិភពលោក បានបង្ហាញអំពីកំណើនភ្ញៀវទេសចរពិភពលោក ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ ដោយទទួលបានទេសចរប្រមាណ ៦៧១លាននាក់ ក្នុងកំណើន ៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
លោក ថោង រដ្ឋសក្តិ បានបន្តថា ក្នុងចំណោមកំណើនទេសចរដែលពិភពលោកទទួលបាននោះ រួមមាន៖ នៅតំបន់មជ្ឈិមបូព៌ាកើនឡើង ៨% នៅអាស៊ីប៉ាស៊ីហ្វិកកើនឡើង ៦% នៅទ្វីបអឺរ៉ុបកើនឡើង ៤% នៅទ្វីបអាហ្វ្រិកកើនឡើង ៣% និងនៅទ្វីបអាមេរិកកើនឡើង ២%។ រីឯនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ីទក្សិណ និងតំបន់អាស៊ីបូព៌ា ក៏មានការកើនឡើងចាប់ពី ១-៥% ផងដែរ។
លោកអគ្គនាយកបានបន្ថែមថា កំណើនទេសចរពិភពលោក ៤% នេះ គឺស្របទៅនឹងការរំពឹងទុករបស់អង្គការទេសចរណ៍ពិភពលោក ដែលបានព្យាករណ៍កាលពីឆ្នាំមុន ហើយក៏ជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពិភពលោកទាំងមូលផងដែរ។
អង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ទៀតថា កត្តាដែលជំរុញឱ្យមានកំណើនទេសចរយ៉ាងដូច្នេះ ក៏ដោយសារមានការចូលរួមពីវិស័យពាក់ព័ន្ធមួយចំនួន ដូចជា ផលិតផលទេសចរណ៍ថ្មីៗត្រូវបានបង្កើតឡើង ការជួយសម្រួលមធ្យោបាយធ្វើដំណើររបស់ទេសចរ ពិសេសគឺការធ្វើដំណើរតាមផ្លូវអាកាស គួបផ្សំនឹងថ្លៃសំបុត្រជិះយន្តហោះក៏មានភាពសមរម្យជាងមុន ហើយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ក៏ត្រូវបានសម្របសម្រួលឱ្យភាពងាយស្រួលជាងមុនផងដែរ។
ប៉ុន្តែទន្ទឹមនឹងការអបអរសាទរចំពោះកំណើននេះ អង្គការទេសចរណ៍ពិភពលោក ក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិស័យទេសចរណ៍ ដែលបណ្ដាលមកពីវិបត្តិសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ព្រមទាំងបញ្ហាមួយចំនួនដែលកើតចេញពីបដិវត្តឧស្សាហកម្ម ៤.០ ផងដែរ៕