(ភ្នំពេញ)៖ នៅវេលាម៉ោង៤៖០០នាទី រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។
លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជានេះ នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ។
នៅព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តីឡាវ បានជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ហើយភាគីទាំងពីរក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-ឡាវផងដែរ៕