(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានផ្ញើសារចូលរួមរំលែកទុក្ខជូន លោកស្រី ខាំ ភៀន ភរិយារបស់ព្រឹទ្ធាចារ្យ ប៊ូ ថង និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។

ក្នុងសារលិខិតរបស់សម្តេច ហេង សំរិន បានចាត់ថា ទុក្ខមរណភាពរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង គឺជាការបាត់បង់នូវវីរជនដ៏គម្រូមួយរូប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ដើម្បីបម្រើកិច្ចការប្រទេសជាតិ ប្រកបដោយវីរិយដ៏ខ្ពង់ខ្ពស់បំផុតគួរជាទីគោរពស្រលាញ់របស់បងប្អូន និងញាតិមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ក្នុងសារលិខិតរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឱ្យដឹងទៀតថា «ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងសមាជិក សមាជិកានៃរដ្ឋសភា សូមវាយតម្លៃខ្ពស់បំផុតចំពោះវីរៈភាព និងគុណបំណាច់ដ៏ធំធេងរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានខិតខំតស៊ូគ្រប់កាលៈទេសៈ ក្នុងសកម្មភាពចូលរួមចំណែកយ៉ាងធំធេងបម្រើជាតិមាតុភូមិ និងប្រជាជន ពិសេសក្នុងការតស៊ូរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព ហើយដោយតេជានុភាពនៃកុសលផលបុណ្យនៃយើងបានសាង សូមឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម ប៊ូ ថង សូមបានទៅកាន់សុខក្នុងគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

សូមអានសារលិខិតរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទាំងស្រុង៖