(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងប្រញាប់មករកប៉ុស្តិ៍សុខភាព ដែលនៅក្បែរខ្លួនពេលក្រុមគ្រួសារមានជំងឺ ឬមានសត្វអសិរពិសទិចឬខាំ។

លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកអំណោយចែកជូនប្រជាពលរដ្ឋ៣៣គ្រួសារ ដែលកំពុងរងគ្រោះដោយទឹកជំនន់ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងរដូវទឹកឡើងម្តងៗ ខាងមន្ទីរសុខាភិបាលបានត្រៀមរួចជាស្រេចនូវថ្នាំពេទ្យ ដើម្បីផ្គត់ផ្គង់លើបញ្ហាសុខភាព ជាពិសេសជម្ងឺរាករុស និងសត្វអសិរពិល ទិចឬខាំ ដល់បងប្អូនប្រជាពលរដ្ឋ ជាមួយគ្នានេះមន្ទីរសុខាភិបាល ក៏មានក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោងតែម្ដង និងមានមធ្យោបាយដឹកជញ្ជូនអ្នកជម្ងឺ ដូចជារថយន្ត និងអូប័រ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងករណីធ្ងន់ធ្ងរ។

សូមបញ្ជាក់ដែរថា ក្នុងការចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នោះ លោកអភិបាលខេត្ត បានចែកតង់ និងថវិកាមួយចំនួន ដល់ពលរដ្ឋ៣៣គ្រួសារ ដើម្បីសម្រួលទុក្ខលំបាក និងកាត់បន្ថយការចំណាយបានមួយកម្រិតផងដែរ។

សូមបញ្ជាក់ថា ខេត្តកំពង់ចាមមានទីទួលសុវត្ថិភាពប្រមាណជា១៩៧កន្លែង នៅតាមបណ្តាលស្រុក-ក្រុងទាំង៩ ត្រូវបានត្រៀមរួចរាល់ហើយ មានទាំងការផ្គត់ផ្គង់ទឹកស្អាត ថ្នាំពេទ្យ និងមានក្រុមគ្រូពេទ្យនៅប្រចាំការ ២៤ម៉ោងផងដែរ៕