(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ក្រសួងមហាផ្ទៃ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយ នូវផលិតផលក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា»។
ពិធីនេះ ប្រព្រឹត្តទៅបានយោងតាមសិទ្ធិប្រទាន លេខ ៤៦ ស.ប.ទ ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រទានសិទ្ធិពេញសមត្ថភាព ជូននាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក ដើម្បីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានេះ។
ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ គ.ប.ផ.ក. អង្គទូតនានាប្រចាំនៅកម្ពុជា តំណាងអគ្គនាយកដ្ឋាននីមួយៗ ចំណុះក្រសួងមហាផ្ទៃ អង្គការនានា សមាជិក សមាជិកា នៃគ.ប.ផ.ក. និង EUROCHAM រួមទាំងក្រុមហ៊ុនឯកជន សរុបជាង២០០រូប។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានឲ្យដឹងថា បញ្ហាឱសថក្លែងក្លាយ ឱសថអន់គុណភាព ការរក្សាទុក និងបាត់បង់ប្រសិទ្ធភាពឱសថ បញ្ហាចំណីអាហារខូចគុណភាព ដែលមានផ្ទុកសារធាតុគីមីពុល ការលួចចំលង ផលិតផល ការរំលោភកម្មសិទ្ធិបញ្ញា ក៏ដូចជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្លែងក្លាយ គឺសុទ្ធសឹងជាបញ្ហា ដែលកំពុងកើតមាន និងបានញាំញី គំរាមកំហែងដល់សុខភាព អាយុជីវិតប្រជាជនក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដែលតម្រូវឲ្យមានការចាត់វិធានការបង្កើតយន្តការចម្រុះ និងធ្វើកិច្ចសហការប្រតិបត្តិការទាំងថ្នាក់តំបន់និងសកលលោក និងអនុវត្តឲ្យមានប្រសិទ្ធភាព នៃច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំង និងសកម្មភាពល្មើសច្បាប់ទាំងនេះឲ្យមានប្រសិទ្ធភាព ដាក់ទោសទណ្ឌដល់ឧក្រិដ្ឋជនឲ្យបានធ្ងន់ធ្ងរតាមស្ថានទំងន់ទោស ដែលមានចែងក្នុងច្បាប់។
នាយឧត្តមសេនីយ៍បានបន្តថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាយន្ដការ និងពង្រឹងការទទួលខុសត្រូវមួយបន្ថែមទៀត ក្នុងកិច្ចការពារជាដៃគូក្នុងវិស័យ ធុរកិច្ចពាណិជ្ជកម្មសម្រាប់ទំនុកចិត្ត និងលំហូរអ្នកវិនិយោគ បរទេស មកកាន់កម្ពុជាពីបណ្តាប្រទេសនៅអឺរ៉ុប និងបណ្តាប្រទេសនានាលើពិភពលោក។ កន្លងមក គ.ប.ផ.ក បានបង្ក្រាបបំផ្លាញចោលនូវផលិតផលក្លែងក្លាយខុសច្បាប់រាប់រយតោន និងបានចាប់ជនល្មើស មកផ្តន្ទាទោស ទៅតាមច្បាប់រាប់សិបករណី។
លោកសង្ឃឹមថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាថ្ងៃនេះ នឹងជាកម្លាំងចលករ និងហេតុផលសំខាន់មួយបន្ថែមទៀត ក្នុងការជំរុញធ្វើឲ្យសហគមន៍អឺរ៉ុប ពិចារណាឡើងវិញលើចេតនា និងឆន្ទៈកម្ពុជា ក្នុងកិច្ចប្រឹងប្រែង សហការជាមួយសហគមន៍អឺរ៉ុប និងពិភពលោកទាំងមូល ដើម្បីការពារផលប្រយោជន៍ អ្នកវិនិយោគទុនទាំងក្នុងប្រទេស ក្រៅប្រទេស និងភាពរីកចម្រើនខាងសេដ្ឋកិច្ច សុខសន្តិភាព វិបុលភាព ការគោរពផលប្រយោជន៍គ្នា
ទៅវិញទៅមក និងមិនជ្រែកចូលអធិបតេយ្យភាព របស់ប្រទេសរៀងៗខ្លួន។
លោក ARNAUD Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) បានថ្លែងថា ជាការពិតនៅពេលក្រុមហ៊ុនឯកជន ព្យាយាមនាំចូល និងចែកចាយឱសថដែលមានគុណភាពនៅក្នុងប្រទេសកម្ពុជា បញ្ហាប្រឈមធំបំផុតមួយ គឺវត្តមានឱសថក្លែងក្លាយ ដែលកំពុងគំរាមកំហែងដល់អាយុជីវិត របស់អ្នកជំងឺរាប់ពាន់នាក់។
លោកបានគូសបញ្ជាក់ថា តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ដែលបានទន្ទឹងរង់ចាំជាយូរមកហើយ យើងសង្ឃឹមថា មិនត្រឹមតែសមាជិក របស់យើងប៉ុណ្ណោះទេ ប៉ុន្តែទាំងផ្នែកឯកជនទាំងមូលនឹងឃើញពាក្យបណ្តឹងរបស់ពួកគេ ប្រឆាំងនឹងការក្លែងបន្លំ ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។
លោក ARNAUD Darc ក៏សូមអំពាវនាវឲ្យមានការសហការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដូចជា៖ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នៅពេលមានករណីឱសថ និងគ្រឿងសំអាងក្លែងក្លាយ៕